ភ្នំពេញ៖ រដូវវស្សាបានចូលមកដល់ (ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០២១) នឹងនាំមកជាមួយនូវទឹកភ្លៀង ទន្ទឹមនឹងនោះ ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈីក ដោយសារសត្វមូសខ្លាញីខាំ ឲ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានក្រើនរំលឹក និងផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការចូលរួមចលនា កាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងទៀតថា វិធានការដែលទប់ស្កាត់ការកកើតសត្វមូស គឺអាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ័រ ត្រូវកប់ ឬដុតកម្ទេចចោល ឬទុកដាក់ឲ្យមានរបៀប ដើម្បីកុំឲ្យមានទឹកដក់។ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូលទុកដាក់របស់របរ សំលៀកបំពាក់ក្នុង ក្រៅផ្ទះឲ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។
អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង ដេកក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនលើសពី៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព និងមនី្ទរពេទ្យ ដែលនៅជិតបំផុត ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកគ្រុនឈីកនេះឲ្យសោះ។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា គ្រប់មនី្ទរសុខាភិបាលរាជធានី ខេត្តទាំង២៥ ត្រូវរៀបចំចាត់ចែងការផ្តល់សេវា និងកន្លែងសម្រាកព្យាបាលជំងឺគ្រុនឈីក នៅក្នុងមនី្ទរពេទ្យឲ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺទៅមនី្ទរពេទ្យផ្សេងទៀត ក្នុងករណីដែលមានអ្នកជំងឺគ្រុនឈីកច្រើនហួសសមត្ថភាពនៅក្នុងមនី្ទរពេទ្យណាមួយ ដោយមិនទុកឲ្យមានការយឺតយ៉ាវក្នុងការទទួលបាននូវសេវាពិនិត្យ និងព្យាបាលឡើយ៕ អត្ថបទ៖ រដ្ឋា