
ប្រទេសចិន នៅថ្ងៃចន្ទ (ទី១១ ខែធ្នូ) នេះ បាននិយាយថា កិច្ចចរចាសន្តិភាព ត្រូវបានប្រារព្ធឡើង ជុំវិញជម្លោះ នៅភាគខាងជើងរបស់សហភាពមីយ៉ាន់ម៉ា ហើយទទួលបាន «លទ្ធផលវិជ្ជមាន» បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ រវាងរបបយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចរបស់ប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា៖ «ប្រទេសចិនរីករាយ ដែលបានឃើញភាគីជម្លោះ នៅភាគខាងជើងនៃសហភាពមីយ៉ាន់ម៉ារៀបចំកិច្ចចរចាសន្តិភាព ហើយទទួលបានលទ្ធផលវិជ្ជមាន»។ លោកស្រីបានបន្ថែមថា ទីក្រុងប៉េកាំងនឹង «បន្តផ្តល់ការគាំទ្រ និងការសម្របសម្រួលរហូតដល់សម្រេចបញ្ហានេះ»។
លោកស្រី Mao បានលើកឡើងទៀតថា៖ «យើងជឿជាក់ថា ការបន្ធូរបន្ថយស្ថានការណ៍នៅភាគខាងជើងមីយ៉ាន់ម៉ា បម្រើផលប្រយោជន៍ដល់ភាគីទាំងអស់ ក្នុងប្រទេសមីយ៉ាន់ម៉ា និងអំណោយផលដល់ការរក្សាបាននូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមព្រំដែនចិន-មីយ៉ាន់ម៉ា»។
យ៉ាងណាក្ដី អ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ា មិនអាចទាក់ទងបាននោះឡើយ ដើម្បីសុំការអត្ថាធិប្បាយពីបណ្ដាញសារព័ត៌មាន។ ការប៉ះទង្គិចគ្នាបានកើតឡើងនៅទូទាំងរដ្ឋ Shan ភាគខាងជើងនៃហសភាពមីយ៉ាន់ម៉ា បន្ទាប់ពីសម្ព័ន្ធមិត្តប្រដាប់អាវុធនៃក្រុមជនជាតិភាគតិចចំនួន៣ បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ប្រឆាំងនឹងរបបយោធា កាលពីខែតុលា។
ក្រុមទាំងប្រដាប់អាវុធទាំង៣ គឺកងទ័ព Arakan (AA) កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិ Ta'ang (TNLA) បានរឹបអូសទីតាំងយោធារាប់សិបកន្លែង និងទីក្រុងសំខាន់ ដែលធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ជាអ្វី ដែលអ្នកវិភាគនិយាយថា គឺជាបញ្ហាប្រឈមយោធាដ៏ធំបំផុត ចំពោះរបបយោធានៃប្រទេសនេះ គិតចាប់តាំងពីខ្លួនបានដណ្តើមអំណាច នៅឆ្នាំ២០២១៕