ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» បានប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលដោយឥតគិតថ្លៃដល់សិស្ស និស្សិត ក្នុងឆ្នាំសិក្សា ២០២៤ ខាងមុខនេះ ខណៈកាលបរិច្ឆេទទទួលពាក្យគិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» បានជម្រាបជូនដំណឹងដល់សិស្ស និងសាធារណជនទាំងអស់ថា ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ក្រសួងបានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់។
ក្រសួងបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២៤ នេះ លេខាធិការដ្ឋាននៃ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នឹងជ្រើសរើសសិស្សបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។
សេចក្ដីជូនដំណឹងរបស់ក្រសួងបញ្ជាក់ថា បេក្ខជនជ័យលាភីនៃសិក្សានេះនឹងទទួលបានអត្ថប្រយោជន៍ដូចជា ថវិកាសិក្សាដោយមិនគិតការប្រាក់ ដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។ កុំព្យូទ័រយួរដៃ ១គ្រឿង (ប្រសិនបើមានតម្រូវការ), ថ្លៃស្នាក់នៅ (ប្រសិនបើមានតម្រូវការ), ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព, ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជនជាដើម។
ចំពោះគ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា បេក្ខជនអាចជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សាមានដូចជា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងនោះមាន វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science), ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking), ធុរកិច្ចឌីជីថល (Digital Business), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច (Telecommunication and Electronics Engineering) និងវិស្វកម្ម និងវិទ្យាសាស្រ្តទិន្ន័យ (Data Science and Engineering) ជាដើម។ សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងនោះមានដូចជាជំនាញ សេដ្ឋកិច្ចឌីជីថល (Digital Economy),ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងនោះមានជំនាញ វិស្វកម្មសុសវែរ (Software Engineering) និងវិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានជំនាញ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communication Technology), វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science), សន្តិសុខសាយប័រ (Cybersecurity), ហេដ្ឋារចនាសម្ព័នឌីជីថល (Digital Infrastructure),។ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន មានជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science), គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Management of Information Systems)។
ចំពោះ លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមាន មានសញ្ជាតិខ្មែរ, ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ដែលមាននិទ្ទេសរួម A B ឬ C, ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសឱ្យចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សាខាងលើ, ឆ្លងកាត់ការប្រឡង និង/ឬការសម្ភាសន៍, បេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។
កាលបរិច្ឆេទ និងការទទួលពាក្យ បេក្ខជនត្រូវបំពេញពាក្យស្នើសុំអនឡាញតាមរយៈគេហទំព័រ www.dsdp.gov.kh/registration, សម្រាប់ព័ត៌មានបន្ថែម បេក្ខជនក៏អាចទាក់ទងទូរសព្ទលេខ ០៩៨ ៩៤៣ ៧៧៧ / ០៩៩ ៣៦៩ ៨៨៩ ឬអ៊ីម៉ែល [email protected]។ សូមបញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យគិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤៕ ដោយ ៖ ដារា





