
សារព័ត៌មាន BBC បានដឹងថា សមាជិកប្រហែល ២០០នាក់ នៃកងកម្លាំងពិសេសអាហ្វហ្គានីស្ថាន ដែលត្រូវបានបណ្តុះបណ្តាល និងផ្តល់មូលនិធិដោយចក្រភពអង់គ្លេស ប្រឈមមុខនឹងការនិរទេសខ្លួនទៅស្រុកកំណើត ដែលគ្រប់គ្រងដោយក្រុមតាលីបង់។
តួរលេខដែលប្រមូលបានដោយបណ្តាញអតីតយុទ្ធជនអាហ្វហ្គានីស្ថាន បង្ហាញពីទំហំនៃអ្វីដែលអតីតឧត្តមសេនីយ៍អង់គ្លេសម្នាក់ ហៅថា ជា«ការក្បត់ពាក្យសន្យា»និង «ភាពអាម៉ាស់»។
ទាហាន បានភៀសខ្លួនទៅប្រទេសប៉ាគីស្ថាន ដែលឥឡូវប្រទេសនេះ នឹងបណ្ដេញជនភៀសខ្លួនអាហ្វហ្គានីស្ថាន។
ចក្រភពអង់គ្លេស និយាយថា ខ្លួនបាននាំប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ទៅកាន់ទីសុវត្ថិភាព។
ឧត្តមសេនីយ៍ Sir Richard Barrons ដែលបានបម្រើកងទ័ពអង់គ្លេស នៅអាហ្វហ្គានីស្ថានជាង ១២ឆ្នាំបានថ្លែងប្រាប់កម្មវិធី Newsnight របស់ទូរទស្សន៍BBCថា ការបរាជ័យរបស់ចក្រភពអង់គ្លេស ក្នុងការផ្លាស់ទីលំនៅទាហានទាំងនេះ «គឺជាការអាម៉ាស់មួយ ព្រោះវាឆ្លុះបញ្ចាំងថា យើងមិនស្មោះត្រង់ក្នុងនាមប្រទេសមួយ ឬអសមត្ថភាព»។
លោកបានថ្លែងថា៖ «នេះគឺជារឿងដែលមិនអាចទទួលយកបាន។ «វាគឺជាការក្បត់ពាក្យសន្យា ហើយតម្លៃនៃការក្បត់នេះ នឹងធ្វើឲ្យមនុស្សដែលបម្រើការជាមួយយើង ត្រូវស្លាប់ ឬ ជីវិតរបស់ពួកគេ ត្រូវជាប់ពន្ធនា គារ។
នៅឆ្នាំ ២០២១ នាយករដ្ឋមន្ត្រី Boris Johnson បានថ្លែងប្រាប់សភាថា សេវារបស់កងកម្លាំងពិសេសអាហ្វហ្គានីស្ថានទាំងនេះ «មានសារៈសំខាន់ណាស់» ដោយបន្ថែមថា ចក្រភពអង់គ្លេស នឹងធ្វើអ្វីក៏ដោយដែលយើងអាចធ្វើបាន ដើម្បីឲ្យពួកគេមានសុវត្ថិភាព។