
តុលាការកំពូលរបស់ប្រទេសឥណ្ឌា នៅថ្ងៃចន្ទ (ទី១១ ខែធ្នូ) នេះ បានសម្រេចតម្កល់សេចក្ដីសម្រេចឆ្នាំ២០១៩ ដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ក្នុងការលុបចោលនូវឋានៈពិសេសសម្រាប់រដ្ឋ Jammu & Kashmir ហើយកំណត់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំក្រោយ សម្រាប់ការបោះឆ្នោតរដ្ឋ។
ក្នុងនាមជាតំបន់ ដែលមានកាន់សាសនាឥស្លាមដោយភាគច្រើនតែមួយគត់របស់ឥណ្ឌា រដ្ឋ Jammu & Kashmir បានក្លាយជាចំណុចកណ្ដាលនៃជម្លោះជាមួយប្រទេសជិតខាងប៉ាគីស្ថានអស់រយៈពេលជាង ៧៥ឆ្នាំ គិតចាប់តាំងពីប្រទេសទាំង២ ទទួលបានឯករាជ្យពីការគ្រប់គ្រងអាណានិគមរបស់ចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៧។
បទបញ្ជាជាឯកច្ឆន្ទដោយក្រុមប្រឹក្សាចៅក្រម ៥រូប បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងញត្តិជាច្រើន ដែលជំទាស់នឹងការលុបចោល និងការសម្រេចចិត្តជាបន្តបន្ទាប់ ដែលបំបែកតំបន់នេះទៅជាដែនដីគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធចំនួន២។
ជាមួយគ្នានេះ ក្រុមប្រឹក្សាចៅក្រម ក៏រៀបចំនូវលក្ខខណ្ឌនានា សម្រាប់ការបោះឆ្នោត នៅក្នុងតំបន់ ដែលត្រូវបានរួមបញ្ចូលកាន់តែកៀកជាមួយឥណ្ឌា បន្ទាប់ពីមាននូវវិធានការដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាល ដែលធ្វើឡើងស្របតាមការសន្យាដ៏សំខាន់ជាយូរមកហើយរបស់គណបក្សជាតិនិយម Bharatiya Janata (BJP) របស់លោក Modi។ ការសម្រេចនេះ គឺជាកត្តាជំរុញដ៏សំខាន់ សម្រាប់រដ្ឋាភិបាល នៅមុនការបោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅខែឧសភា។
អ្នកតវ៉ាបានអះអាងថា មានតែសភាធម្មនុញ្ញនៃរដ្ឋ Jammu & Kashmir ប៉ុណ្ណោះ ដែលអាចសម្រេចលើស្ថានភាពពិសេសនៃតំបន់ភ្នំដ៏ស្រស់ស្អាតនេះ ហើយបានចោទសួរថា តើសភាមានអំណាច ក្នុងការដកហូតឋានៈពិសេសនេះដែរ ឬទេ។ តុលាការបានឲ្យដឹងថា ឋានៈពិសេស គឺជាបទប្បញ្ញត្តិបណ្តោះអាសន្ននៃរដ្ឋធម្មនុញ្ញ ដែលអាចត្រូវបានសភាលុបចោល ហើយក៏បានបញ្ជាផងដែរថា ដែនដីសហព័ន្ធគួរតែវិលទៅរកឋានៈជារដ្ឋវិញឲ្យបានឆាប់បំផុតតាមដែលអាច៕