
ស្នូរកាំភ្លើង និងសំឡេងផ្ទុះ បានបន្លឺឡើងពេញក្រុង Jabalia ក្នុងតំបន់ហ្កាហ្សា ខណៈសំណុំផ្សែងហុយឡើងយ៉ាងខ្មួលខ្មាញ់ពេញផ្ទៃមេឃ ដោយរូបភាពនេះ មានបង្ហាញនៅក្នុងវីដេអូ នៅថ្ងៃចន្ទ (ទី១១ ខែធ្នូ)នេះ ដែលសារព័ត៌មាន Reuters ទទួលបាន។
ការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានកើនឡើងកាន់តែខ្លាំង នៅទូទាំងតំបន់ហ្គាហ្សា នៅថ្ងៃចន្ទ ដោយបន្ថែមដល់ការភ័យខ្លាច ដែលបង្ហាញដោយអង្គការសហប្រជាជាតិ កាលពីចុងសប្តាហ៍ អំពីការបែកបាក់ ក្នុងសណ្តាប់ធ្នាប់សាធារណៈ និងការចាកចេញរបស់ប្រជាជនប៉ាឡេស្ទីនក្នុងចំនួនដ៏ច្រើនចូលទៅក្នុងប្រទេសអេហ្ស៊ីប។
តំបន់ឆ្នេរសមុទ្រដ៏តូចចង្អៀតនេះ បានស្ថិតនៅក្រោមការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែលទាំងស្រុង ចាប់តាំងពីជម្លោះ បានចាប់ផ្តើម កាលពីជាង ២ខែមុន ហើយព្រំដែនជាមួយអេហ្ស៊ីបជាផ្លូវចេញតែមួយគត់។
ភាគច្រើននៃប្រជាជន ២,៣លាននាក់ នៅតំបន់ហ្កាហ្សា ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ហើយអ្នកស្រុកនិយាយថា វាមិនអាចទៅរួចនោះទេ ក្នុងការស្វែងរកកន្លែងជ្រកកោន នៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលមានប្រជាជនរស់នៅយ៉ាងណែនណាន់តាន់តាប់ ដោយប្រជាជនប្រហែល ១៨០.០០០នាក់ ត្រូវបានសម្លាប់រួចហើយ ហើយជម្លោះកាន់តែមានសភាពខ្លាំងឡើងៗ៕