ការប្រយុទ្ធគ្នាក្នុងទីក្រុងដ៏ខ្លាំងក្លាបានកក្រើកឡើងកាលពីថ្ងៃចន្ទ ១១ ធ្នូ នៅក្នុងសង្រ្គាមដ៏បង្ហូរឈាមបំផុតមិនធ្លាប់មាននៅក្នុងតំបន់ហ្កាហ្សា ដោយមានពលរដ្ឋប៉ាឡេស្ទីនជាង១៨.២០០នាក់និងទាហានអ៊ីស្រាអែលចំនួន១០៤នាក់ ត្រូវគេរាយការណ៍ថាបានស្លាប់ ស្របពេលមានវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងកាន់តែធ្ងន់ធ្ងរ។

សង្រ្គាមត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល១.២០០នាក់ នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូងហើយបានមើលឃើញចំណាប់ថ្នូររាប់សិបនាក់ត្រូវបានចាប់អូសត្រឡប់ចូលទៅតំបន់ហ្កាហ្សាវិញ។

ក្រុមហាម៉ាសបានព្រមានថាចំណាប់ថ្នូរដែលនៅសេសសល់ចំនួន១៣៧ នាក់ នឹងមិនមានជីវិតរស់នៅ ឡើយ លុះត្រាតែអ៊ីស្រាអែលបំពេញតាមការទាមទាររបស់ខ្លួន និងដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត។
ការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅតែបន្តក្នុងតំបន់ហ្កាហ្សា ដោយក្រុមសកម្មប្រយុទ្ធជីហាតឥស្លាមនិយាយថា ពួកគេបានបំផ្ទុះផ្ទះមួយខ្នងក្នុងទីក្រុង Khan Yunis ភាគខាងត្បូង តំបន់ហ្កាហ្សា ជាទីតាំងដែលទាហានអ៊ីស្រាអែលកំពុងស្វែងរកផ្លូវរូងក្រោមដី។

គ្រាប់រ៉ូកែតដែលបាញ់ចេញពីតំបន់ហ្កាហ្សាបានវាយប្រហារទីក្រុង Holon ភាគកណ្ដាលនៃទីក្រុងឆ្នេរ ជាយទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល ធ្វើឱ្យជនស៊ីវិលម្នាក់រងរបួស និងបន្សល់ទុករណ្ដៅមួយកន្លែងនៅតាមផ្លូវក្នុងតំបន់លំនៅឋានប្រជាជន។
អ៊ីស្រាអែលបានជំរុញជនស៊ីវិលឱ្យស្វែងរកកន្លែងជ្រកកោននៅឆ្ងាយពីសមរភូមិប្រយុទ្ធនៅភាគខាងត្បូង ប៉ុន្តែកងទ័ពបានបន្តវាយប្រហារគោលដៅនានានៅទូទាំងដែនដីប៉ាឡេស្ទីន។
ចំនួនអ្នកស្លាប់ចុងក្រោយពីក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស គឺ១៨.២០៥នាក់ ភាគច្រើនជាស្រ្តី និងកុមារ៕