សភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ត្រូវបានគេរំពឹងថានឹងបោះឆ្នោតនៅថ្ងៃពុធ (១៣ ធ្នូ) ស្អែកនេះដើម្បីបើកការស៊ើបអង្កេតជាផ្លូវការលើការចោទប្រកាន់ដើម្បីទម្លាក់តំណែងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នេះបើយោងតាមជំនួយការដឹកនាំរបស់គណបក្សសាធារណរដ្ឋបាននិយាយកាលពីថ្ងៃច័ន្ទ (១១ ធ្នូ)។

កាលពីព្រឹកថ្ងៃច័ន្ទ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា ប្រធានសភាលោក ម៉ៃ ចនសុន (Mike Johnson) បានបង្ហាញផែនការសម្រាប់ការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំបិទទ្វារ ដោយជាពេលវេលាមួយដែលធ្លាប់ត្រូវបានពិចារណាដោយសមាជិកគណបក្សសាធារណរដ្ឋដទៃទៀតផងដែរ។

សភាអាមេរិកគ្រោងនឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សម្រាប់ការឈប់សម្រាកចុងឆ្នាំលើសពីបីសប្តាហ៍។ គណបក្សសាធារណរដ្ឋបានចោទប្រធានាធិបតីប្រជាធិបតេយ្យរបស់អាមេរិករូវនេះ និងក្រុមគ្រួសាររបស់លោកថាបានទទួលផលចំណេញមិនសមរម្យពីការសម្រេចខាងគោលនយោបាយដែលលោក បៃដិន បានចូលរួមជាអនុប្រធានាធិបតីក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។
ពួកគេក៏បានចោទប្រកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកថាបានជ្រៀតជ្រែកមិនសមរម្យក្នុងការស៊ើបអង្កេតលើកូនប្រុសរបស់លោកប្រធានាធិបតី បៃដិន គឺលោក ហាន់ធឺ បែដិន (Hunter Biden) ដែលជាអ្នកជំនួញ ប៉ុន្តែក្រសួងយុត្តិធម៌បដិសេធថាមិនបានធ្វើអ្វីខុសឡើយ៕