អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ ចំពោះរបាយការណ៍ថា អ៊ីស្រាអែលបានប្រើប្រាស់គ្រាប់រំសេវផូស្វ័រស ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ការរាយការណ៍របស់សារព័ត៌មាន Washington Post កាលពីថ្ងៃចន្ទ បាននិយាយថាអ៊ីស្រាអែលបានបប្រើប្រាស់គ្រាប់រំសេវនេះ ក្នុងការវាយប្រហារកាលពីខែតុលា នៅប្រទេសលីបង់ភាគខាងត្បូង ដែលបានបណ្តាលឲ្យរងរបួសមនុស្សយ៉ាងហោចណាស់៩នាក់។

លោក Miller បាននិយាយថា យើងមានការព្រួយបារម្ភចំពោះរបាយការណ៍នៃការប្រើប្រាស់ផូស្វ័រស។ ជាការពិត មានការប្រើប្រាស់ដោយយោធាស្របច្បាប់សម្រាប់ផូស្វ័រស ប៉ុន្តែវាមិនរាប់បញ្ចូលការប្រើប្រាស់រំសេវប្រភេទនេះលើជនស៊ីវិលនោះទេ។

លោក Miller និយាយថា អ៊ីស្រាអែលនឹងពុំមានករណីលើកលែងឡើយ ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលថាប្រទេសណាមួយទទួលបានអាវុធរបស់ខ្លួន ត្រូវតែគោរពតាមច្បាប់សង្រ្គាម។
ការលើកឡើងរបស់លោក Miller ធ្វើឡើងបន្ទាប់ពីការលក់គ្រាប់កាំភ្លើងផ្លោងរថក្រោះចំនួន ១៤.០០០ គ្រាប់ទៅឱ្យអ៊ីស្រាអែល ដោយពុំមានការត្រួតពិនិត្យពីសភា។
មន្ទីរបញ្ចកោណ បាននិយាយថា រដ្ឋបាលរបស់លោក Biden កាលពីថ្ងៃសុក្រ បានប្រើប្រាស់អំណាចបន្ទាន់ក្រោមច្បាប់គ្រប់គ្រងការនាំចេញអាវុធ ដើម្បីអនុញ្ញាតឱ្យមានការលក់ក្នុងតម្លៃ ១០៦,៥ លានដុល្លារ។