ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អ្នកនាំពាក្យរបបយោធាបាននិយាយកាលពីថ្ងៃចន្ទថា តំណាងមកពីយោធា កំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ាបានជួបពិភាក្សា ដោយត្រូវបានជួយសម្របសម្រួលដោយចិន ជាមួយក្រុមឧទ្ទាមប្រដាប់អាវុធចំនួនបីដឹកនាំការវាយលុកប្រឆាំងរបបយោធា។

យោធារបស់មីយ៉ាន់ម៉ាកំពុងប្រយុទ្ធជាមួយក្រុមគូប្រជែងប្រដាប់អាវុធនៅសមរភូមិមុខជាច្រើនកន្លែង ក្នុងការប្រឈមដ៏ខ្លាំងក្លាបំផុត ក្ដាប់អំណាចយ៉ាងណែន របស់ខ្លួនក្នុងប្រទេសអាស៊ី អាគ្នេយ៍មួយនេះ ចាប់តាំងពីប្រទេសនេះបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០២១ ។

ក្រុមឧទ្ទាមបានរួមដៃគ្នាជាមួយរដ្ឋាភិបាលស្រមោលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានបើកការវាយប្រហារកាលពីចុងខែតុលាកន្លងទៅ ដោយបានកាន់កាប់ប៉ុស្តិ៍យោធា និងទីប្រជុំជនជាច្រើននៅជិតព្រំដែនជាមួយប្រទេសចិន នៅភាគខាងជើង និងរដ្ឋមួយចំនួនតូចនៅភាគខាងលិច។

យោងតាម Telegram របស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV ដោយសំដៅលើក្រុមជនជាតិភាគតិចប្រដាប់អាវុធដែលដឹកនាំការវាយលុកនេះបាននិយាយថា គណៈកម្មាធិការឯកភាពជាតិ និងសម្របសម្រួលសន្តិភាពរបស់មីយ៉ាន់ម៉ាបានជួបជាមួយតំណាងក្រុមឧទ្ទាមប្រដាប់អាវុធ MNDAA, TNLA និង AA ដោយមានការជួយជ្រោមជ្រែងពីប្រទេសចិន។
ផ្អែកលើការអភិវឌ្ឍន៍នៃការសន្ទនា នេះ ទំនងជានឹងមានកិច្ចប្រជុំមួយទៀតនៅចុងខែនេះ។គេពុំច្បាស់ទេថាពេលណា ឬកន្លែងណាដែលជំនួបនេះបានកើតឡើង ហើយលោក ស មីនទុន (Zaw Min Tun) ពុំបានបញ្ជាក់លម្អិតទេ ថា ភាគីទាំងអស់បានពិភាក្សាគ្នាលើបញ្ហាអ្វីខ្វះ។
តំណាងក្រុមឧទ្ទាមទាំងបីពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។ ចំណែកក្រុមមន្ត្រីចិន ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗដែរ។។យោងតាមអង្គការសហប្រជាជាតិ សេចក្តីថ្លែងការណ៍នេះកើតឡើងខណៈការប្រយុទ្ធគ្នានៅតែបន្តនៅទូទាំងពីរភាគបីនៃប្រទេសនេះ ដោយបានសម្លាប់ជនស៊ីវិលជាង ៣៦០ នាក់ និងជាងកន្លះលាននាក់ត្រូវជម្លៀសខ្លួន៕