ក្តីបារម្ភផ្នែកមនុស្សធម៌ត្រូវបានលើកឡើងជុំវិញបញ្ហាប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានដកចេញពីការចរចាអាកាសធាតុរបស់អង្គការសហប្រជាជាតិសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា ខណៈដែលប្រទេសនេះកំពុងជួបនឹងគ្រោះរាំងស្ងួត និងទឹកជំនន់កាន់តែអាក្រក់ទៅៗ។

មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតក្នុងពិភពលោកចំពោះបម្រែបម្រួលអាកាសធាតុ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់យ៉ាងគំហុក ដែលបានបោកបក់ពាសពេញប្រទេសដែលរងគ្រោះដោយគ្រោះរាំងស្ងួតកាលពីដើមឆ្នាំនេះ។

ប៉ុន្តែប្រទេសនេះអវត្តមានពីកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌុយបៃ ដោយសារត្រូវបានដកចេញពីកិច្ចចរចារបស់អង្គការសហប្រជាជាតិ ចាប់តាំងពីពួកតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល ក្នុងឆ្នាំ ២០២១មក។ មិនមានរដ្ឋាភិបាលបរទេសណាមួយបានទទួលស្គាល់ជាផ្លូវការនូវភាពជាអ្នកដឹកនាំតាលីបង់នោះទេ ហើយប្រទេសនេះមិនមានកៅអីនៅសន្និបាតអគ្គស្នងការអង្គការសហប្រជាជាតិឡើយ។

ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះបានចោទសួរពីការបន្តត្រូវដកចេញរបស់ប្រទេសនេះ។ ក្រុមមន្ត្រីមនុស្សធម៌ និងអន្តរជាតិបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេបានខិតខំប្រឹងប្រែងនៅឆ្នាំនេះ ដើម្បីអនុញ្ញាតឱ្យតំណាងអាហ្វហ្គានីស្ថានអាចចូលរួមបាន ស្របពេលជាមួយនឹងការពិភាក្សាកាន់តែទូលំទូលាយក្នុងចំណោមរដ្ឋាភិបាលបរទេស និងស្ថាប័នពហុភាគី អំពីមធ្យោបាយដោះស្រាយជាមួយពួកតាលីបង់៕