អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់ទីក្រុងម៉ានីលបាននិយាយកាលពីថ្ងៃចន្ទទី១១ ធ្នូថា សកម្មភាពឈ្លានពាន របស់ប្រទេសចិនលើនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូង គឺជា ការកើនឡើងភាពតានតឹងដ៏ធ្ងន់ធ្ងរ ដោយផ្នែកនៃក្រុមភ្នាក់ងាររបស់ទីក្រុងប៉េកាំង។

ប្រទេសហ្វីលីពីនបានចោទប្រកាន់ប្រទេសចិនពីបទបង្កើនភាពតានតឹង បន្ទាប់ពីឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹក និងធ្វើសមយុទ្ធដ៏គ្រោះថ្នាក់នៅមូលដ្ឋានជលផលដែលផ្គត់ផ្គង់ប្រេង និងគ្រឿងទេសសម្រាប់អ្នកនេសាទហ្វីលីពីននៅតំបន់ដែនទឹក ស្កាបូរ៉ូ សូល (Scarborough Shoal) កាលពីថ្ងៃសៅរ៍ ៩ ធ្នូ និងឧបទ្ទវហេតុមួយទៀតប្រឆាំងនឹងបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាបទាហានហ្វីលីពីន ដែលឈរជើងនៅលើនាវាចម្បាំងនៅដែនទឹក សេខិន ថូម៉ាស សូល (Second Thomas Shoal) កាលពីថ្ងៃអាទិត្យ ១០ ធ្នូ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ថេរ៉េស៊ីតា ដាហ្សា (Teresita Daza) បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានថា ប្រទេសហ្វីលីពីនបានចេញការតវ៉ាការទូតមួយផ្សេងទៀត ហើយបានកោះអញ្ជើញឯកអគ្គរដ្ឋទូតចិន ជុំវិញអាកប្បកិរិយាឈ្លានពានរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង៕