មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទ (១១ ធ្នូ) ថាមនុស្សយ៉ាងហោចណាស់ ១៥នាក់ បានស្លាប់នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុង ប៊ុកាវុ (Bukavu) ពេញមួយយប់ ដែលបណ្តាលឱ្យមានបំណាក់ដី និងលំនៅឋានជាច្រើនខ្នងត្រូវដួលរលំ។

អភិបាលក្រុងនេះបាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានសម្លាប់នៅក្នុងឃុំ អ៊ីបានដា (Ibanda) នៃទីក្រុង ប៊ុកាវុ ជាទីដែលមនុស្សជាច្រើនរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ដែលដួលរលំដាយសារភ្លៀង ហើយអភិបាលក្រុងបានបន្ថែមថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈដែលជនរងគ្រោះជាច្រើននាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរ។

ប្រទេសកុងហ្គោ កំពុងស្ថិតក្នុងយុទ្ធនាការនយោបាយក្នុងការបន្តការបោះឆ្នោតសកលនៅថ្ងៃទី២០ ខែធ្នូ ដែលបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធដ៏ទន់ខ្សោយនៅទូទាំងប្រទេសធំទីពីររបស់ទ្វីបអាហ្រ្វិកនេះ ជាពិសេសនៅក្នុងខេត្តភាគខាងកើតដែលហែកហួរដោយជម្លោះ ដូចជាខេត្ត សៅ គីវុ (South Kivu) ជាទីដែលក្រុង ប៊ុកាវុ ស្ថិតនៅ។

ភាពក្រីក្រ និងហេដ្ឋារចនាសម្ព័ន្ធមិនល្អ ធ្វើឱ្យសហគមន៍ដូចជាពលរដ្ឋនៅក្នុងឃុំ អ៊ីបានដា កាន់តែងាយរងគ្រោះដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ដូចជាភ្លៀងធ្លាក់ខ្លាំងជាដើម៕