ភ្នំពេញ៖ ក្នុងស្ថានភាពដែលបណ្តាខេត្តជាច្រើនប្រឈមយ៉ាងធ្ងន់ធ្ងរគ្រោះជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្ដេច បានបង្ហាញតាមរយៈហ្វេសប៊ុកនៅរសៀលថ្ងៃទី១៤តុលានេះថា គិតមកដល់ម៉ោង៦:០០នាទីល្ងាចថ្ងៃទី១៤តុលានេះថវិកាទទួលបាន មាន ៥លាន៥សែន៤ម៉ឺន ១ពាន់ដុល្លារហើយ។
សម្តេច បានអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាបន្តបន្ទាប់ដើម្បីជួយ ប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុង កើតមាននៅក្នុងប្រទេស។
សម្តេច បានអះអាងថា ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្គ្រោះបន្ទាន់តាមរយៈគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សម្តេចបន្តថា ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតនោះ សម្តេចបានអោយទាក់ទងទៅលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ សម្ដេច ក៏បានបង្ហាញនូវមោទនភាពជាតិថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក៕




