ភ្នំពេញ៖ ឯកឧត្តម ទូច ភាព អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១២ខែធ្នូនេះ បានអញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជ្រិន សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងមន្រ្តីបរិស្ថានជាច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ទូច ភាព អនុរដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ (២០២៣-២០២៨) ដែលមានបាវចនាទាំង៥គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តមអនុរដ្ឋលេខាធិការ បន្តទៀតថា ការគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅប្រកបដោយចីរភាពសម្រាប់ឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យទទួលជោគជ័យ ក្រសួងបរិស្ថាន ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសប់របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលទើបតែប្រកាសដាក់ឱ្យប្រើក្នុងពេល ថ្មីៗ ដែលមានគោលបំណងតម្រង់ទិស និងចង្អុល បង្ហាញ ការងារអាទិភាព ដែលបានកំណត់ក្នុងមុំចំនួន៣ ដោយ មានជាអាទិ៍៖ មុំទី១: ការពង្រឹង គោលនយោបាយ, មុំទី២: ការកសាងរដ្ឋបាលឌីជីថល, និងមុំទី៣: ពង្រីក ការផ្សព្វផ្សាយ។
កន្លងមកក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ដោយផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវចម្រុះ ការរស់នៅដោយចីរភាព និងរដ្ឋបាលទំនើប។ ដោយឡែក នៅនីតិកាលទី៧នេះ ដើម្បីបំពេញបេសកកម្មរបស់ក្រសួងបរិស្ថានបន្តទៀត ក្រសួងបរិស្ថានបានដាក់ចេញនូវកំណែទម្រង់ ដោយ ផ្ដោតលើ « សុក្រឹតកម្មបរិស្ថានកិច្ច» និង «អព្យាក្រឹតកាបោន»។
គួរបញ្ជាក់ថា សិក្ខាសាលានេះ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យសមិទ្ធផល ការងារ ដែលបានអនុវត្តរយៈពេល១ឆ្នាំ(២០២៣) និងពិភាក្សាកែលម្អ ដើម្បីកំណត់ឱ្យបាននូវដំណោះស្រាយ ពាក់ព័ន្ធបញ្ហាប្រឈម ចំណុចខ្វះខាត ក្នុងការអនុវត្តកិច្ចការស្នូលរបស់អង្គភាព និងការងារកំណែ ទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានជួបប្រទះកន្លងមក៕





