បាល់ទាត់៖ ក្រុមជំរើសជាតិប៊ែលហ្ស៊ិកមានបំណងផ្អាកលេង និងទាត់បាល់ចេញក្រៅនៅនាទីទី១០ នៅពេលជួបក្រុមដាណឺម៉ាករាត្រីនេះ ដើម្បីទះដៃលើកទឹកចិត្តដល់ Christian Eriksen។ អ្នកគាំទ្រក្រុមដាណឺម៉ាកក៏មានគំរោងធ្វើបែបនេះដែរ ដើម្បីជាការលើកទឹកចិត្ត។

ខ្សែបម្រើក្រុម Inter Milan រូបនេះបានដួលសន្លប់ អំឡុងការប្រកួតទល់នឹងហ្វាំងឡង់ដោយសារគាំងបេះដូង និងត្រូវបានសង្គ្រោះភ្លាមៗនៅនឹងទីលាន មុននឹងបន្តដឹកទៅមន្ទីរពេទ្យ។ មកទល់ពេលនេះ Eriksen ក៏បានដឹងខ្លួនវិញដែរ និងបានសរសេរសារជាសាធារណៈជាលើកដំបូងផងដែរ ដើម្បីអរគុណដល់អ្នកគាំទ្រ និងមនុស្សរាល់គ្នាដែលបារម្ភ និងជូនពរ។ ការសំរេចផ្អាកលេង និងទាត់បាល់ចេញក្រៅនៅនាទីទី១០ នោះគឺយកតាមអាវរបស់ Eriksen ដែលពាក់អាវលេខ ១០ អោយក្រុមដាណឺម៉ាក។
រំលឹកថា ហេតុការណ៍របស់ Eriksen បានធ្វើឱ្យពិភពបាល់ទាត់ទូទាំងពិភពលោកមានការតក់ស្លុត និងបួកសួងអោយ Eriksen រួចផុតពីគ្រោះថ្នាក់។ កីឡាករដែលបានស៊ុតបញ្ចូលទីនៅ Euro ២០២០ ចុងសប្តាហ៍កន្លងទៅមួយចំនួន មិនបានអបអរគ្រាប់បាល់របស់ខ្លួនឡើយ និងយកការអបអរនោះទៅជាការឧទ្ទិស និងលើកទឹកចិត្តដល់ Eriksen ដូចជាអ្នកស៊ុតបញ្ចូលទីអោយហ្វាំងឡង់ Pohjanpalo, Romelu Lukaku របស់ប៊ែលហ្ស៊ិក និងគ្រាប់របស់ Lainer ស៊ុតនាំមុខអោយអូទ្រីសលើម៉ាសេដ្វាន់ខាងជើងយប់មិញជាដើម៕
អត្ថបទ៖នាង សុភាវុធ