លោក ហ្វីលីប ឡាហ្សារីណា (PHILIPPE LAZZARINI) អគ្គស្នងការនៃទីភ្នាក់ងារផ្តល់ជំនួយនិងការងារអង្គការសហប្រជាជាតិ(UNRWA) បាននិយាយថា យើងបានស្តាប់ឮជាលើកដំបូងថា ភាពអត់ឃ្លានកំពុងកើតមាននៅហ្កាហ្សា។ មនុស្សកាន់តែច្រើនឡើង ពុំបានទទួលទានមួយថ្ងៃ ពីរថ្ងៃ និងបីថ្ងៃមកហើយ។

លោក ហ្វីលីប ឡាហ្សារីណា (PHILIPPE LAZZARINI) និងបេសកជនផ្សេងទៀតរបស់អង្គការសហប្រជាជាតិ បានទាមទារឱ្យបញ្ចប់សង្រ្គាម ខណៈពួកគេបានធ្វើដំណើរឆ្លងកាត់ឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីប ទៅកាន់ច្រកព្រំដែន Rafah ជាចំណុចច្រកចូលតែមួយគត់សម្រាប់ការដឹកជញ្ជូនជំនួយចូលទៅតំបន់ប៉ាឡេស្ទីនដែលត្រូវបានហ៊ុមព័ទ្ធ ។

ប៉ុន្មានថ្ងៃ បន្ទាប់ពីអគ្គលេខាធិការលោក Antonio Guterres បានព្រមានថា ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ កំពុងស្រេកឃ្លាន។ លោកបានព្រមានអំពី ការដួលរលំសណ្តាប់ធ្នាប់ ខណៈភាពស្រេកឃ្លានរីករាលដាល ហើយពលរដ្ឋតំបន់ហ្កាហ្សា ដែលមិនបានទទួលទានជាច្រើនថ្ងៃ បានចូលលួចនៅមជ្ឈមណ្ឌលចែកចាយជំនួយ និងបញ្ឈប់រថយន្តដឹកទំនិញនៅលើផ្លូវក្នុងការពុះពារស្វែងរកអាហារសម្រាប់គ្រួសាររបស់ពួកគេ។ ទុក្ខលំបាក កំពុងបង្កការព្រួយបារម្ភនៃការភៀសខ្លួនទ្រង់ទ្រាយធំទៅកាន់ប្រទេសអេហ្ស៊ីប។
លោក Lazzarini បាននិយាយខណៈលោកបានមើលឃើញ នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកទៅកាន់ តំបន់ហ្កាហ្សា ថា ប្រជាជនកំពុងដេកនៅលើបេតុង។ រដូវរងាគឺនៅទីនេះ មានទឹកស្អុយ ពួកគេកំពុងតស៊ូស្វែងរកទឹកស្អាត ពួកគេកំពុងតស៊ូដើម្បីទទួលបានអាហារ។
កាលពីថ្ងៃច័ន្ទ ក្រុមសកម្មប្រយុទ្ធ និងប្រជាជនមួយចំនួន បាននិយាយថា ក្រុមអ្នកប្រយុទ្ធកំពុងរារាំងរថក្រោះរបស់អ៊ីស្រាអែល មិនឱ្យធ្វើដំណើរទៅភាគខាងលិចបន្ថែមទៀតកាត់តាមទីក្រុង និងបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលអ៊ីស្រាអែល បាននិយាយថា ភារកិច្ចរបស់ខ្លួនបានបញ្ចប់ទាំងស្រុងហើយ។