ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចជៀវ៉ា(Kristalina Georgieva) បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ខណៈគណៈកម្មការប្រតិបត្តិរបស់មូលនិធិ បានអនុម័តលើការផ្តល់ថវិកាចំនួន ៩០០ លានដុល្លារ ពីកម្មវិធីប្រាក់កម្ចីចំនួន ១៥,៦ ពាន់លានដុល្លាររបស់ប្រទេស។

លោកស្រី ចជៀវ៉ា បានសាទរ លោក Zelenskiy ចំពោះកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងពេលមានសង្រ្គាម និងបានសន្យាបន្តគាំទ្រដល់អ៊ុយក្រែន។ លោក Zelenskiy បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងសម្ព័ន្ធមិត្តអន្តរជាតិ សម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ពួកគេ និងបានកោតសរសើរចំពោះភាពធន់របស់ប្រជាជនក្នុងអំឡុងពេលសង្រ្គាមដែលនៅបន្ត។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា សេដ្ឋកិច្ចរបស់អ៊ុយក្រែន បានបន្តបង្ហាញ «ភាពធន់គួរឱ្យកត់សម្គាល់» ទោះបីជាមានការវាយលុករបស់រុស្ស៊ីនៅក្នុងខែកុម្ភៈឆ្នាំ ២០២២ ដោយមានការវិវឌ្ឍន៍ថ្មីៗ ចង្អុលបង្ហាញពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ ខ្លាំងជាងការរំពឹងទុកនៅឆ្នាំ ២០២៣ និងបន្តកំណើននៅឆ្នាំ ២០២៤ ។

លោក Zelenskiy នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងមន្ត្រីសភាជាន់ខ្ពស់ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈលោកស្វែងរកគៀងគរការគាំទ្រសម្រាប់ការបន្តជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីជួយទីក្រុងគីវ បន្តការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។
ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុបានបង្ហាញថា ប្រទេសអ៊ុយក្រែន បានទទួលជំនួយជាង ៦៨,៥ ពាន់លានដុល្លារចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ រដ្ឋាភិបាលរបស់ប្រទេសនេះ រំពឹងថានឹងមានឱនភាពជំនួយប្រហែល ៤៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ហើយមានផែនការគ្រប់គ្រងដោយការខ្ចីក្នុងស្រុក និងជំនួយហិរញ្ញវត្ថុ ពីដៃគូប្រទេសលោកខាងលិចរបស់ខ្លួន។ ប៉ុន្តែមន្ត្រីអ៊ុយក្រែន មានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីភាពជាក់លាក់នៃការផ្តល់ហិរញ្ញប្បទាន ហើយអ្នកវិភាគមួយចំនួនបានព្យាករណ៍ថា ជំនួយរបស់ប្រទេសលោកខាងលិច អាចចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំក្រោយ។