ភ្នំពេញ៖ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់របស់អង្គការសហប្រជាជាតិកម្ពុជា ប្តេជ្ញាចិត្តមុតមាំអំពីការពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់ជាប្រយោជន៍ជូនប្រជាពលរដ្ឋ។
ក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអញ្ជើញចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ដែលរៀបចំដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់BTV News ឲ្យដឹងថា ព្រឹត្តិការណ៍កម្រិតខ្ពស់របស់អង្គការសហប្រជាជាតិមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល មកពីចំនួនជាង១៤០ប្រទេស ដើម្បីថ្លែងសន្ទរកថា បង្ហាការប្តេជ្ញាចិត្តរបស់ខ្លួនក្នងនាមជាសមាជិករបស់អង្គការសហប្រជាជាតិ។
ឯកឧត្តម បន្តថា ក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តម កែវ រ៉េមី បង្ហាញការប្ដេជ្ញាចិត្តលើការពង្រឹងជាអាទិភាពនៃប្រព័ន្ធគាំពារសង្គម។
ទន្ទឹមគ្នា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំលើគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កម្ពុជាទទួលបានសេរីភាពដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងការវិវត្តជាលំដាប់។ ជាក់ស្ដែងក្នុងអាណត្តិថ្មីក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកកម្ពស់ និងយកចិត្តទុកដាក់ទៅលើការការពារសិទ្ធិមនុស្ស។
សូមជម្រាបថា ខួបលើកទី៧៥នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដើម្បីថ្ងៃរំលឹកព្រឹត្តិការប្រវត្តិសាស្ត្រ ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។
មហាសន្និបាតនេះ បានធ្វើសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួមដែលប្រជាពលរដ្ឋគ្រប់ៗប្រទេស និងប្រជាជាតិទាំងអស់ត្រូវធ្វើឱ្យបានសម្រេចដើម្បីឱ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ខ្ជួនជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្ដីប្រកាសនេះ ខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលការគោរពសិទ្ធិ និងសេរីភាពទាំងនេះតាមរយៈការបង្រៀន និងការអប់រំហើយ និងខំប្រឹងប្រែងធានាឱ្យមានការទទួលស្គាល់ និងការអនុវត្តជាសកល និងច្បាស់លាស់នូវសិទ្ធិ និងសេរីភាព ដោយវិធានការជាតិ និងអន្ដរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋសមាជិកទាំងក្នុងចំណោមប្រជាពលរដ្ឋដែនដី ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះ៕ អត្ថបទ សេក ឧត្តម


