អ្នកជំនាញម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនចូលទៅក្នុងតំបន់ហ្កាហ្សាក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ត្រូវបានគេឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យពួកគេនៅស្ងៀមក្នុងការជាប់ឃុំឃាំង និងទទួលរងការរំលោភបំពានផ្លូវចិត្ត និងផ្លូវភេទ។

លោកស្រី Renana Eitan ប្រធានផ្នែកចិត្តសាស្រ្តនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Tel Aviv Sourasky-Ichilov បាននិយាយថា៖«ខ្ញុំមិនដែលឃើញអ្វីដូចនេះទេ ក្នុងរយៈពេល២០ឆ្នាំនៃការព្យាបាលជនរងគ្រោះដែលរបួសធ្ងន់ធ្ងរ»។

លោកស្រី បានបន្ថែមថា៖ «រំលោភបំពានផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទលើចំណាប់ថ្នូរទាំងនេះ ដែលបានកើតឡើងនេះ គឺគួរឲ្យខ្លាចណាស់»។ «យើងត្រូវសរសេរសៀវភៅសិក្សាឡើងវិញ»។
មជ្ឈមណ្ឌលនេះ បានទទួលអតីតចំណាប់ថ្នូរចំនួន ១៤នាក់ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស ដែលមួយចំនួន បានរាយការណ៍ថា ត្រូវបានគេឲ្យប្រើប្រាស់គ្រឿងញៀន រួមទាំងអ្វីដែលគ្រូពេទ្យជឿថាជាថ្នាំជួយឲ្យដេកលក់ (benzodiazapines) ដែលជាប្រភេទថ្នាំជំនួយដល់ការធ្លាក់ទឹកចិត្ត ដែលរួមមានដូចជាថ្នាំសណ្តំ(Valium)ជាដើម។
លោកស្រី បានបន្ថែមថា៖«ពួកគេចង់គ្រប់គ្រងកុមារ ហើយជួនកាលវាពិបាកក្នុងការគ្រប់គ្រងកុមារតូចៗ ក្មេងជំទង់ ហើយពួកគេដឹងថា ប្រសិនបើឲ្យពួកគេប្រើប្រាស់គ្រឿងញៀន ពួកគេ នឹងត្រូវស្ងប់ស្ងៀម។