ភ្នំពេញ ៖ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នាព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ក្រុមការងារ អ.ម.ត ចិន) បានដឹកនាំក្រុមការងារទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូមន្ទីរអប់រំខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជមានិតចិន ដឹកនាំដោយលោក XIE Ping អនុប្រធានមន្ទីរអប់រំ ក្នុងឱកាសដែលគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។
ជំនួបពិភាក្សារវាងក្រុមការងារ អ.ម.ត ចិន និងមន្ទីរអប់រំធ្វើឡើងក្នុងគោលបំណងរឹតចំណងទំនាក់ទំនងជាមិត្តភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគម អ.ម.ត និងមន្ទីរអប់រំខេត្តអានហ៊ួយ ពិសេសការពិភាក្សាពីលទ្ធភាពក្នុងការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស នៃប្រទេសកម្ពុជា និងប្រទេសចិន។
ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារ អ.ម.ត ចិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់មន្ទីរអប់រំខេត្តអានហ៊ួយ។ ឯកឧត្តម បានពាំនាំប្រសាសន៍ថ្លែងអំណរគុណពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់មន្ទីរអប់រំខេត្តអានហ៊ួយ ដែលគ្រោងនឹងផ្ដល់អាហារូបករណ៍ដល់និស្សិត អ.ម.ត ទៅសិក្សានៅគ្រឹះស្ថានសិក្សាល្បីៗក្នុងខេត្តអានហ៊ួយ ក្រោមស្មារតីចូលរួមចំណែកយ៉ាងសកម្មលើកស្ទួយការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរបស់កម្ពុជា។ មន្ទីរអប់រំខេត្តអានហ៊ួយ ក៏បានបង្ហាញសុឆន្ទៈក្នុងការគាំទ្របេសកកម្មរបស់សមាគម អ.ម.ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងមានបំណងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយសមាគម អ.ម.ត ឱ្យកាន់តែទូលំទូលាយ។ ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសន្ទនា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវគម្រោងសហប្រតិបត្តិការដែលមានស្រាប់ និងសិក្សារួមគ្នាពីលទ្ធភាពបង្កើតគម្រោងថ្មីៗ សំដៅបើកឱកាសឱ្យនិស្សិតកម្ពុជាកាន់តែច្រើនទទួលបានការបណ្ដុះបណ្ដាលប្រកបដោយស្ដង់ដារ និងស្របតាមតម្រូវការជាក់ស្ដែងនៃកិច្ចអភិវឌ្ឍសង្គមកម្ពុជា។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមាននិស្សិតកម្ពុជា សរុប ១៨៦ នាក់ កំពុងបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងខេត្តអានហ៊ួយប្រទេសចិន ក្នុងនោះនិស្សិត អ.ម.ត មានចំនួន ៣៧នាក់។ អត្ថបទ៖ រដ្ឋា