បាល់ទាត់៖ អតីតអ្នកចាត់ការ Barcelona និង Manchester United លោក Louis van Gaal នឹងត្រលប់មកអាជីពជាគ្រូបង្វឹកវិញ ក្រោយឃ្លាតឆ្ងាយអស់រយៈពេល ៥ឆ្នាំដោយមកដឹកនាំក្លិបនៅលីគទី២ ហូឡង់ Telstar តែដឹកនាំតែមួយប្រកួតប៉ុណ្ណោះ។

បុរសសញ្ជាតិហូឡង់រូបនេះ បានឃ្លាតឆ្ងាយពីអាជីពនេះតាំងពីឈ្នះពាន FA Cup នៅឆ្នាំ ២០១៦ ដឹកនាំ Manchester United ហើយការវិលត្រលប់នេះគឺមកដឹកនាំតែ ១ប្រកួតប៉ុណ្ណោះដើម្បីរំលឹកពីអនុស្សាវរីយ៍នៃអាជីពរបស់លោក។ ក្លិប Telstar បានបញ្ជាក់នៅលើបណ្តាញសង្គមរបស់ខ្លួនថា ការប្រកួតនេះនឹងមានការរៃអង្គាសថវិកា សម្រាប់កម្មវិធីសប្បុរសធម៌ជាមួយនឹងការដេញថ្លៃ សម្រាប់អ្នកគាំទ្រម្នាក់អង្គុយក្បែរលោក Van Gaal ផងដែរ។ បច្ចុប្បន្នវ័យ ៦៩ឆ្នាំលោក Louis van Gaal មិនដែលដឹកនាំក្រុម Telstar ពីមុនមកទេ តែធ្លាប់ជាកីឡាករអំឡុងរដូវកាល ១៩៧៧-៧៨ ក្នុងចំណោមអាជីពជាកីឡាករ ១៥ឆ្នាំ។
លោក Louis van Gaal ធ្លាប់មានអាជីពជោគជ័យជាអ្នកចាត់ការដោយធ្លាប់ដឹកនាំ Barcelona ឈ្នះពាន La Liga ២លើក, Copa del Rey ១លើក និង UEFA Super Cup ១លើក, ធ្លាប់ដឹកនាំ Ajax ឈ្នះពានលីគកំពូលហូឡង់ ៣លើក UEFA Champions League ១លើក, ដឹកនាំ AZ Alkmaar ឈ្នះពានលីគកំពូលហូឡង់ ១លើក និងដឹកនាំ Bayern Munich ឈ្នះពាន Bundesliga ១លើក និង UEFA Champions League ១លើក៕
អត្ថបទ៖នាង សុភាវុធ