នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ចុះចាញ់ដោយនិយាយថានេះគឺជា «ការចាប់ផ្តើមនៃទីបញ្ចប់» សម្រាប់អង្គការនេះ ដែលអ៊ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចភាគច្រើនបានកំណត់ថាជាក្រុមភេរវកម្ម។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា យើងទទួលស្គាល់ថាវានឹងត្រូវការពេលវេលា ប៉ុន្តែការកើនឡើងនៃចំនួនយុទ្ធជនហាម៉ាសដែលចុះចាញ់ បានបង្ហាញពីជំនោរនៃសង្គ្រាមដែលកំពុងផ្លាស់ប្ដូរស្ថានការណ៍។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយ «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភេរវករហាម៉ាសរាប់សិបនាក់បានចុះចាញ់នឹងកងកម្លាំងរបស់យើង។ ពួកគេបានដាក់អាវុធចុះ ហើយប្រគល់ខ្លួនឲ្យទាហានដ៏មានវីរភាពរបស់យើង។ នេះនឹងត្រូវការពេលវេលា ហើយសង្រ្គាមនៅតែបន្ត ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃចុងបញ្ចប់នៃក្រុមហាម៉ាស»។

ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ បានកើតឡើងខណៈឧត្តមសេនីយរបស់កងពលតូចការពារអ៊ីស្រាអែលដែលចូលនិវត្តន៍ លោក អាម៊ឺ អាវីវី (Amir Avivi) បាននិយាយថា អ៊ីស្រាអែលជិតទទួលបានការគ្រប់គ្រងនៅតំបន់ហ្កាហ្សា ភាគខាងជើងទាំងមូល ហើយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តនៅភាគខាងត្បូង នៅក្នុងតំបន់នេះ និងជុំវិញទីក្រុងខាន់ យ៉ូនីស (Khan Younis)។
អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងភាគកណ្តាលហ្កាហ្សាពេញមួយយប់ ដោយបានវាយប្រហារជំរំភៀសខ្លួនក្នុងចំណោមគោលដៅផ្សេងទៀតគឺជំរំជន ន ម៉ាហ្កាហ្ស៊ី (Maghazi) និងជំរំ នុសៃរ៉ាត (Nuseirat)។ ការវាយប្រហារតាមអាកាសនេះក៏បានវាយប្រហារទៅលើលំនៅដ្ឋាននៅភាគខាងលិចនៃទីក្រុងព្រំដែនរ៉ាហ្វាហ្វ និងនៅក្នុងសង្កាត់កណ្តាលនៃទីក្រុង ដែលត្រូវបានកំណត់ថាជាតំបន់ «សុវត្ថិភាព»៕