
អ្នកស្រុកនៅភាគឦសាននៃប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ (១២ ធ្នូ) នេះបានទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកពីព្យុះស៊ីក្លូនត្រូពិច ចាស្ពើ (Jasper) ដែលគេរំពឹងថានឹងបោកបក់ដល់ដីក្នុងរយៈពេល ២៤ម៉ោងខាងមុខនេះ ខណៈដែលក្រុមអាជ្ញាធរបានបង្កើតមជ្ឈមណ្ឌលជម្លៀស និងដាក់ពង្រាយក្រុមសង្គ្រោះបន្ទាន់បន្ថែមទៀត។
ការិយាល័យឧតុនិយមបាននិយាយថា ព្យុះ ចាស្ពើ ដែលស្ថិតនៅចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងជើងឆ្ងាយនៃរដ្ឋ ឃ្វីនស៍លែន (Queensland) ក្នុងសមុទ្រកូរ៉ាល់ (Coral) ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់កម្រិតព្យុះប្រភេទទី២ ដោយមានកម្លាំងខ្យល់បក់រហូតដល់ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍នៅទូទាំងតំបន់ឆ្នេរដែលលាតសន្ធឹងជាង ៦០០គីឡូម៉ែត្រ រួមទាំងទីក្រុងទេសចរណ៍ ឃែរីនស៍ (Cairns) ដែលមានប្រជាជនប្រហែល ១៥០.០០០នាក់។ កន្លែងខ្លះនឹងទទួលបានកម្រិតទឹកភ្លៀងរហូតដល់ ៥០០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង ដោយអាជ្ញាធរព្រមានអំពីទឹកជំនន់ដ៏គំហុកនៅទីនោះ។
ប្រទេសអូស្ត្រាលីស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូតអ៊ែល នីញ៉ូ (El Nino) នៅរដូវក្តៅនេះ ដែលអាចបង្កឱ្យមានបាតុភូតអាកាសធាតុធ្ងន់ធ្ងររាប់ចាប់ពីចំហេះព្រៃរហូតដល់ព្យុះស៊ីក្លូនត្រូពិច និងគ្រោះរាំងស្ងួតដ៏អូសបន្លាយជាដើម។ អាកាសយានដ្ឋាន ឃែរីនស៍ បាននិយាយថា ខ្លួននឹងបិទនៅយប់ថ្ងៃអង្គារនេះ ខណៈដែលមនុស្សម្នានាំគ្នាសម្រុកទិញទំនិញសំខាន់ៗពីផ្សារទំនើបមួយចំនួន៕