ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពិនិត្យការធ្វើប្រតិបត្តិការនាវាមុជទឹកបំពាក់នុយក្លេអ៊ែរថ្មី ក្នុងបំណងជាក់ស្តែងដើម្បីបង្ហាញពីកម្លាំងយោធារបស់ប្រទេសនេះ ទៅកាន់ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច។
លោកPutin បានទៅពិនិត្យទីតាំងផលិតនិងជួសជុលនាវាមួយកន្លែងនៅទីក្រុង Severodvinsk ក្នុងតំបន់ភាគពាយ័ព្យកាលពីថ្ងៃចន្ទ ដើម្បីចូលរួមក្នុងពិធីសម្ពោធនាវា អ៊ីមភឺរឺ អាឡិចសានឌ័រ ស្រ៊ី (Emperor Alexander III) និងនិងនាវា ក្រាសស្នូយ៉ាសក៍(Krasnoyarsk) ។ Emperor Alexander III គឺជានាវាមុជទឹកប្រភេទលំដាប់នាវាបំពាក់ដោយមីស៊ីលបាលីស្ទីកមានសមត្ថភាពនុយក្លេអ៊ែរ។ នៅក្នុងសុន្ទរកថា លោកបានបង្ហាញពីចេតនាពង្រឹងការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពជើងទឹករុស្ស៊ី នៅក្នុងតំបន់យុទ្ធសាស្ត្រសំខាន់ៗ នៅមហាសមុទ្រពិភពលោក រួមទាំងនៅតំបន់សមុទ្រអាក់ទិក ចុងបូព៌ា និងសមុទ្រខ្មៅ។
លោកបាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរជានាវាប្រភេទលំដាប់ ចំនួន ៣ គ្រឿងផ្សេងទៀត បច្ចុប្បន្នកំពុងត្រូវបានសាងសង់។
លោកPutin បានលើកឡើងថា នាវា Emperor Alexander III ជានាវាមុជទឹកទី៧ នឹងត្រូវដាក់ពង្រាយទៅកាន់កងនាវាតំបន់ប៉ាស៊ីហ្វិកនៅចុងបូព៌ា។ លោកបានបញ្ជាក់ថា នាវានេះ និងនាវាមុជទឹកដើរដោយថាមពលបរមាណូផ្សេងទៀត នឹងធានាបានសន្តិសុខរបស់រុស្ស៊ី និងអនុវត្តការទប់ទល់ជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំខាងមុខ។
មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោកឧត្តមសេនីយ៍ឯក Oleksandr Syrskyi បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា រុស្ស៊ី បានធ្វើការវាយប្រហារដោយដាក់ពង្រាយអង្គភាពវាយលុកបន្ថែម។