
យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងបន្ថែមទីតាំងត្រួតពិនិត្យ សម្រាប់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ដែលត្រូវដឹកជញ្ជូនទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ខណៈពេលដែលរក្សាចំណុចចូលនៅទីតាំងតែមួយ។
កាលពីថ្ងៃចន្ទ (ទី១១ ខែធ្នូ) យោធាបានប្រកាសថា «ការត្រួតពិនិត្យសុវត្ថិភាពនៃរថយន្តដឹកទំនិញ ដែលមានទឹក អាហារ គ្រឿងបរិក្ខារពេទ្យ និងឧបករណ៍ធ្វើទីជម្រក នឹងត្រូវធ្វើឡើងនៅឯផ្លូវឆ្លងកាត់ Nitzana និង Kerem Shalom»។ យោធាបានប្រាប់ថា ការបន្ថែមច្រកឆ្លងកាត់ Kerem Shalom ដែលស្ថិតនៅជាប់ព្រំដែន រវាងតំបន់ហ្កាហ្សា និងអ៊ីស្រាអែល នឹងបង្កើនចំនួនជំនួយមនុស្សធម៌ទ្វេដង សម្រាប់តំបន់នេះ ហើយបានបន្ថែមថា «ជំនួយទាំងអស់នឹងចូលតាមរយៈច្រកឆ្លងកាត់ Rafah»។ ច្រកឆ្លងកាត់ Rafah ស្ថិតនៅព្រំដែន រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កហ្សា។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា នេះនឹង «ធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់គ្នាកាន់តែមានប្រសិទ្ធភាព» ក្នុងការដែលបង្កើតឲ្យ«មានច្រកឆ្លងកាត់ Kerem Shalom ជាចំណុចជាក់ស្តែងនៃការចូលទៅកាន់តំបន់ហ្កាហ្សា»។
គួរបញ្ជាក់ដែរថា ទាហានអ៊ីស្រាអែលបាននិងកំពុងវាយប្រហារទីតាំងរបស់ក្រុមហាម៉ាស នៅក្នុងក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ព្រមទាំងក្រុង Jabalia នៅភាគខាងជើង។ យោធាអ៊ីស្រាអែលសង្ស័យថា មេដឹកនាំតំបន់ហ្កាហ្សានរបស់ក្រុមហាម៉ាស គឺលោក Yahya Sinwar (យ៉ាយ៉ា ស៊ីនវ៉ា) អាចនឹងលាក់ខ្លួននៅទីក្រុង Khan Younis៕