
បេសកជននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាននិយាយអំពីការឈឺចាប់ និងបានជំរុញឲ្យបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ (ទី១១ ខែធ្នូ) ខណៈដែលពួកគេបានទៅទស្សនកិច្ចនៅផ្នែកខាងអេហ្ស៊ីបនៃច្រកព្រំដែន Rafah ដែលជាច្រកចូលតែមួយគត់សម្រាប់ឲ្យជំនួយចូលទៅដែនដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។
តំណាងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ (UN) លោក Zhang Jun បាននិយាយថា៖ «នេះគឺពិតជាសោកនាដកម្មច្បាស់ណាស់។ ជម្លោះបានអូសបន្លាយយូរពេកហើយ។ យើងបានរងទុក្ខច្រើនពេកហើយ។ ដូច្នេះ សម្រាប់ក្រុមប្រឹក្សាសន្តិសុខ ប្រាកដណាស់ការរក្សាសន្តិភាព និងសន្តិសុខ គឺជាការទទួលខុសត្រូវចម្បងរបស់ពួកយើង»។
រដ្ឋសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិគាំទ្រឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងរយៈពេលវែង រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ខណៈដែលស្ថានភាពកាន់តែអាក្រក់ទៅៗ សម្រាប់ប្រជាជនចំនួន ២.៣លាននាក់នៅតំបន់នេះ។
បេសកជនក្រុមប្រឹក្សាសន្តិសុខរាប់សិបនាក់ បានចូលរួមការធ្វើដំណើរ ដែលរៀបចំដោយប្រទេសអារ៉ាប់រួម ដើម្បីបំពេញទស្សនកិច្ច នៅច្រកព្រំដែន Rafah ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីអគ្គលេខាធិការរបស់ UN លោក Antonio Guterres បានព្រមានថា មនុស្សរាប់ពាន់នាក់ នៅក្នុងដែនដីហ៊ុមព័ទ្ធប៉ាឡេស្ទីន គឺ «ប្រាកដជាជួបនឹងភាពស្រេកឃ្លានជាមិនខាន»៕