
ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែល រដ្ឋឈូងសមុទ្រកាតាបានទទួលរងការរិះគន់ពីក្រុមមន្ត្រីអ៊ីស្រាអែល អ្នកនយោបាយអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបញ្ជូនជំនួយរាប់រយលានដុល្លារ ទៅកាន់តំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
ប៉ុន្តែអ្វីទាំងអស់ បានកើតឡើងជាមួយនឹងការជួយជ្រោមជ្រែងរបស់អ៊ីស្រាអែល។
នៅក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់ជាមួយតួអង្គសំខាន់ៗរបស់អ៊ីស្រាអែល ដែលធ្វើឡើងដោយសហការជាមួយអង្គការសារព័ត៌មានស៊ើបអង្កេតអ៊ីស្រាអែល Shomrim ទូរទស្សន៍ CNN ត្រូវបានប្រាប់ថា លោកនាយករដ្ឋមន្ត្រីបេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) បន្តលំហូរសាច់ប្រាក់ទៅកាន់ក្រុមហាម៉ាស ទោះបីជាមានការព្រួយបារម្ភពីក្នុងរដ្ឋាភិបាលរបស់ខ្លួនក៏ដោយ។
ប្រទេសកាតា បានប្តេជ្ញាថា នឹងមិនបញ្ឈប់ការផ្តល់ជំនួយទាំងនោះឡើយ។ រដ្ឋមន្ត្រីការបរទេសកាតា Mohammed bin Abdulaziz Al-Khulaifi បានថ្លែងប្រាប់អ្នកស្រី Becky Andersonមកពីទូរទស្សន៍ CNN កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោក នឹងបន្តធ្វើការបង់ប្រាក់ទៅតំបន់ហ្កាហ្សា ដើម្បីជួយឧបត្ថម្ភដល់តំបន់នេះ ដូចដែលខ្លួនបានធ្វើអស់ជាច្រើនឆ្នាំមកហើយនោះ។