ក្រុមហួធី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅយេម៉ែន នៅថ្ងៃអង្គារនេះ បាននិយាយថា ពួកគេបានអនុវត្តប្រតិបត្តិការយោធាលើនាវាដឹកប្រេងពាណិជ្ជកម្មរបស់ប្រទេសន័រវ៉េស STRINDA ក្នុងប្រតិបត្តិការចុងក្រោយរបស់ខ្លួន ដើម្បីតវ៉ាទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ អ្នកនាំពាក្យយោធាក្រុមហួធី លោក Yehia Sareea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ក្រុមនេះ បានដាក់គោលដៅទៅលើ នាវាដឹកប្រេង ដោយគ្រាប់រ៉ុក្កែត បន្ទាប់ពីសមាជិកនាវិកមិនព្រមឆ្លើយតបចំពោះការព្រមានទាំងអស់។ លោកបានប្តេជ្ញាថា ក្រុមហួធី នឹងបន្តការរារាំងនាវា ដែលធ្វើដំណើរឆ្ពោះទៅកំពង់ផែប្រទេសអ៊ីស្រាអែល រហូតដល់អ៊ីស្រាអែល អនុញ្ញាតឲ្យស្បៀងអាហារ និងថ្នាំពេទ្យចូលទៅក្នុងតំបន់ហ្កាហ្សា។ មន្ត្រីអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារទៅលើនាវាដឹកប្រេង STRINDA បានកើតឡើងចម្ងាយប្រហែល៦០ម៉ាយស៍នៃការធ្វើនាវាចរណ៍នៅភាគខាងជើងច្រកសមុទ្រ Bab al-Mandab ជាប់សមុទ្រក្រហម និងឈូងសមុទ្រ Aden ។ មន្ត្រីអាមេរិកទី២ បានិយាយថា នាវា STRINDA អាចធ្វើដំណើរទៅបានក្រោមថាមពលរបស់វា ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ។ យោធាអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះបណ្តាលឲ្យមានអគ្គិភ័យ និងការខូចខាត ប៉ុន្តែគ្មានអ្នកស្លាប់ឬរងរបួសនោះទេ។ អ្នកនាំពាក្យក្រុមហួធី បាននិយាយថាក្រុមនេះបានត្រៀមរារាំងការឆ្លងកាត់របស់នាវាជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយធ្វើសកម្មភាពក្នុងការគាំទ្រប៉ាឡេស្ទីន។
ក្រុមហួធី បានលុកលុយចូលក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស ដែលបានរាលដាលនៅជុំវិញមជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ដោយការវាយប្រហារលើនាវា ក្នុងតំបន់ដឹកជញ្ជូនសំខាន់ៗ និងបានបាញ់ដោយយានដ្រូន និងមីស៊ីលទៅលើអ៊ីស្រាអែល។
ទិន្នន័យ មកពីក្រុមហ៊ុនដឹកជញ្ជូនតាមនាវា Kpler បានបង្ហាញថា នាវា STRINDA មានផ្ទុកប្រេងបន្លែ និងឥន្ធនៈជីវៈ នៅក្នុងប្រទេសម៉ាឡេស៊ី និងបានធ្វើដំណើរឆ្ពោះទៅទីក្រុង Venice ប្រទេសអ៊ីតាលី។ វានៅពុំទាន់ដឹងភ្លាមៗនៅឡើយនោះទេថាតើ នាវា STRINDA មានទំនាក់ណាមួយជាមួយអ៊ីស្រាអែល។