
នៅប្រទេសប៉ូឡូញ ដែលជាប្រទេសជិតខាងអ៊ុយក្រែន រដ្ឋបាលរដ្ឋាភិបាលថ្មីកំពុងកាន់កាប់អំណាចជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ។ សភារបស់ប្រទេសនេះ បានបោះឆ្នោតគាំទ្រការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីលោក Donald Tusk ឲ្យចូលកាន់តំណែង។
គេរំពឹងថា លោក Tusk នឹងបង្កើតរដ្ឋាភិបាលចម្រុះនៅព្រឹកថ្ងៃពុធ (ទី១៣ ខែធ្នូ)។ គណបក្សរបស់លោកស្ថិតក្នុងចំណោមគណបក្សប្រឆាំងចំនួន៣ ដែលបានទទួលបានសំឡេងភាគច្រើនរួមគ្នា ក្នុងការបោះឆ្នោតកាលពីខែតុលា។ មុនពេលបោះឆ្នោតគាំទ្រលោក Tusk ជានាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ (ទី១១ ខែធ្នូ) សភាជាន់ទាបបានច្រានចោលញត្តិដកទំនុកចិត្តមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Mateusz Morawiecki។
គណបក្សច្បាប់ និងយុត្តិធម៌របស់លោក Morawiecki បានឈ្នះចំនួនអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោត ប៉ុន្តែមិនអាចទទួលបានសំឡេងភាគច្រើន។ យ៉ាងណាក៏ដោយ ប្រធានាធិបតីប៉ូឡូញ ដែលជាសមាជិកនៃគណបក្សច្បាប់និងយុត្តិធម៌ បានបញ្ជាឲ្យលោក Morawiecki បង្កើតរដ្ឋាភិបាលថ្មីមួយ នៅមុនពេលញត្តិដកទំនុកចិត្តត្រូវបានច្រានចោល។
លោក Tusk គឺជាអតីតប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាអ្នកគាំទ្រសហភាពអឺរ៉ុប។ គោលនយោបាយរដ្ឋបាលរបស់លោក ចំពោះអ៊ុយក្រែន ទំនងជាត្រូវបានពិនិត្យយ៉ាងម៉ត់ចត់៕