
ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល មិនមានករណីលើកលែងចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលថា ប្រទេសណាដែលទទួលអាវុធរបស់ខ្លួន ត្រូវតែអនុវត្តតាមច្បាប់នៃសង្គ្រាមនោះទេ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានលក់គ្រាប់កាំភ្លើងផ្លោងប្រហែល ១៤.000 គ្រាប់ ទៅឲ្យអ៊ីស្រាអែល ដោយមិនមានការត្រួតពិនិត្យពីសភា។
មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋបាលលោកបៃដិន កាលពីថ្ងៃសុក្រ បានប្រើប្រាស់សិទ្ធិអំណាចក្នុងគ្រាអាសន្ន ក្រោមច្បាប់គ្រប់គ្រងការនាំចេញអាវុធ ដើម្បីអនុញ្ញាតឲ្យលក់ក្នុងតម្លៃ ១០៦,៥ លានដុល្លារ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានថ្លែងប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក រំពឹងថា គ្រប់ប្រទេសទាំងអស់ដែលទទួលបានជំនួយយោធារបស់ខ្លួននឹងប្រើប្រាស់វា ដោយអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សង្គ្រាម ហើយអ៊ីស្រាអែល ក៏មិនមានករណីលើកលែងដែរ។
លោក Miller ត្រូវបានគេសួរថាតើទីក្រុងវ៉ាស៊ីនតោនបានវាយតម្លៃថាតើអ៊ីស្រាអែល បានអនុវត្តតាមគោលនយោបាយផ្ទេរអាវុធសាមញ្ញ (CAP) ខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលលោកបៃដិនដែរឬទេ? នោះតម្រូវឲ្យក្រសួងការបរទេសកំណត់ថា អាវុធទំនងជាមិនត្រូវបានប្រើប្រាស់សម្រាប់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ ឬការរំលោភបំពានធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិ។