
សហភាពអឺរ៉ុប កំពុងពិចារណាវិធានការដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំក្រុមហាម៉ាស និងអ្នកតាំងលំនៅអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងអំពើហិង្សា ដែលកើតចេញពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ជាមួយនឹងសំណើទាំងពីរ ដែលត្រូវបានពិភាក្សាដោយរដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះ នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទ។
លោកចូសិប បូរ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា ទីភ្នាក់ងាររបស់លោក កំពុងធ្វើការលើសំណើដាក់ទណ្ឌកម្មអ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយម ហើយនឹងបញ្ជូនវាទៅរដ្ឋជាសមាជិកឆាប់ៗនេះ។ វិធានការនេះ បានទាក់ទាញការគាំទ្រពីប្រទេសនានា រួមមានបែលហ្ស៊ិក និងស្លូវេនី។
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់ បាននិយាយថាវិធានការដែលបានស្នើឡើងប្រឆាំងនឹងអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ដែលនៅតែស្ថិតក្នុងការពិភាក្សាដំណាក់កាលដំបូង និងមានគោលបំណងដោះស្រាយអំពើហិង្សារបស់អ្នកតាំងលំនៅនៅតំបន់វេសបែង អាចពាក់ព័ន្ធនឹងការហាមឃាត់ការធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការនាំចូលផលិតផលដែលធ្វើឡើងដោយអ្នកតាំងលំនៅ ។ វិធានការទាំងពីរនេះ នឹងស្របទៅនឹងជំហានដែលបានអនុវត្តរួចហើយដោយសហរដ្ឋអាមេរិក។
លោកបូរ៉ែល បាននិយាយថា បន្ថែមពីលើការបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា ប្លុកនេះ មានការព្រួយបារម្ភចំពោះអំពើហិង្សានៅតំបន់វេសបែង ដោយអ្នកតាំងទីលំនៅជ្រុលនិយម និងការយល់ព្រមពីរដ្ឋាភិបាល អ៊ីស្រាអែល ដើម្បីពង្រីកការតាំងទីលំនៅបែបនេះ។