
សារព័ត៌មាន Sky TG24 របស់ប្រទេសអ៊ីតាលី បានរាយការណ៍ ដោយដកស្រង់សម្តីតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក ចូសិប បូរ៉ែល (Josep Borrell)ថា ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងពិភាក្សាអំពីមធ្យោបាយធានាសន្តិសុខរបស់អ៊ុយក្រែន កាលពីថ្ងៃទី១១ ខែធ្នូ នៅមុនកិច្ចប្រជុំកំពូលEU នៅសប្តាហ៍នេះ។
លោកបូរ៉ែល បាននិយាយថា៖«ប្រទេសរុស្ស៊ី បន្តវាយប្រហារអ៊ុយក្រែន ប៉ុន្តែការខាតបង់របស់រុស្ស៊ី កំពុងកើនឡើង។ វាដល់ពេលដែលត្រូវគាំទ្រទីក្រុងគីវ បន្ថែមទៀត គឺមិនមែនបន្ថយទេ។
«ថ្ងៃនេះ យើងនឹងពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ហើយរដ្ឋមន្ត្រីទាំងអស់ គួរតែផ្តល់ឲ្យខ្ញុំនូវការណែនាំ ដើម្បីបង្ហាញជម្រើស នៅក្នុងកិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋ និងរដ្ឋាភិបាល»។
លោកបូរ៉ែល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន នៅកម្រិតអឺរ៉ុប មិនត្រឹមតែទ្វេភាគីប៉ុណ្ណោះទេ។