
ខ្សែភាពយន្តរដូវក្ដៅរឿង «Barbie» បានឈរនៅទីកំពូលនៃបញ្ជីឈ្មោះ សម្រាប់ការទទួលបានពានរង្វាន់ Golden Globe របស់ក្រុមហ៊ុនហូលីវូដ កាលពីថ្ងៃចន្ទ (ទី១១ ខែធ្នូ) ដោយទទួលបានសំឡេងគាំទ្រចំនួន៩ ដែលលើសសំឡេងចំនួន៨ សម្រាប់ភាពយន្តប្រវត្តិសាស្ត្រ «Oppenheimer»។
ភាពយន្តផ្សងព្រេងស្រីក្រមុំ ដែលមានសម្លៀកបំពាក់ពណ៌ផ្កាឈូក «Barbie» នឹងប្រកួតប្រជែង ដើម្បីទទួលបាននូវពានរង្វាន់ ក្នុងនាមជាខ្សែភាពយន្តបែបកំប្លែង ឬបែបតន្ត្រីដ៏ល្អបំផុត ទល់នឹងរឿងភាពយន្តរឿង «American Fiction» «The Holdovers» និងភាពយន្តផ្សេងទៀតនៅក្នុងកម្មវិធី នាខែមករា ដែលនឹងចាប់ផ្តើមនូវរដូវកាលប្រគល់ពានរង្វាន់របស់ក្រុមហ៊ុនហូលីវូដ។
ពានរង្វាន់ Golden Globe នេះ គឺជាការប្រកួតប្រជែងដ៏សំខាន់មួយ ដែលអាចផ្តល់នូវការជំរុញដល់បណ្ដាខ្សែភាពយន្តនានា នៅលើផ្លូវឆ្ពោះទៅកាន់ការប្រជែងពានរង្វាន់ Academy Awards ក្នុងខែមីនា។
ឆ្នាំនេះ ម្ចាស់ជ័យលាភី Golden Globe នឹងត្រូវបានជ្រើសរើសដោយអង្គការថ្មីមួយ។ សមាគមសារព័ត៌មានបរទេសហូលីវូដមិនរកប្រាក់ចំណេញ ជាក្រុមអ្នកសារព័ត៌មានដែលត្រូវបានរិះគន់ថា មានការធ្វេសប្រហែសផ្នែកសីលធម៌ និងកង្វះភាពចម្រុះ ត្រូវបានរំសាយ កាលពីខែមិថុនា។
អ្នករៀបចំកម្មវិធី បាននិយាយថា ស្ថាប័នបោះឆ្នោត ឥឡូវនេះ មានសមាជិកអ្នកសារព័ត៌មានចំនួន ៣០០នាក់ មកពី ៧៥ប្រទេស ដែលមានជាតិសាសន៍ចម្រុះគ្នាដល់ទៅ ៦០ភាគរយ។ អ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃទី៧ ខែមករា ក្នុងពិធីមួយ ដែលផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍របស់ប៉ុស្តិ៍ CBS និងនៅលើទូរទស្សន៍អនឡាញ Paramount+៕