ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា ការជ្រើសតាំងកម្ពុជាជាប្រធាននៃអនុសញ្ញា គឺជាការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន ក៏ដូចជាសមត្ថភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាច្រើន។ ភាពជាប្រធានរបស់កម្ពុជា មិនត្រឹមតែឆ្លុះបញ្ចាំងពីការលះបង់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំង អស់ ដែលនេះគឺជាសមិទ្ធផលរួមក្នុងការរួមណែកជំរុញឱ្យពិភពលោកមួយប្រកបដោយសុវត្ថិភាព និងរួចចាកផុតពីគំរាមដោយសារមីន។
ក្នុងពេលធ្វើបទបង្ហាញជូនប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍សកម្មភាពមីន ស្តីពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ស្ថិតក្នុងតំបន់អាស៊ី ដែលទទួលបានការគាំទ្រ និងសិទ្ធិក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដោយ មានប្រទេសប្រមាណជា ២០០ និងអ្នកចូលរួមប្រហែល ៧០០ នាក់មកពីជុំវិញពិភពលោក។
ឯកឧត្តមលីធុជ បានបន្តទៀតថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ អាជ្ញាធរមីន កំពុងបង្កើតគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការយ៉ាងសកម្ម ដើម្បីរៀបចំយុទ្ធសាស្ត្រ និងសម្របសម្រួលគ្រប់ផ្នែកទាំង អស់នៃព្រឹត្តិការណ៍នេះ។ ការធ្វើផែនការយ៉ាងម៉ត់ចត់នេះ ត្រូវគិតចាប់ពីផ្នែកដឹកជញ្ជូន រដ្ឋបាល សន្តិសុខ សុខភាព បដិសណ្ឋារកិច្ច និងហិរញ្ញវត្ថុ ដោយធានាថារាល់ព័ត៌មានលម្អិតទាំងអស់ត្រូវបានបំពេញតាមតម្រូវការចាំបាច់។
ឯកឧត្តមបន្តថា ការជ្រើសតាំងកម្ពុជាជាប្រធាននៃអនុសញ្ញា គឺជាការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន កម្ពុជាមានទំនួលខុស ត្រូវសំខាន់ៗ ដោយធ្វើជាអធិបតីកិច្ចប្រជុំទៀងទាត់នៃគណៈកម្មាធិការចំនួនប្រាំ និងក្រុមសម្របសម្រួលសកលភាវូបនីយកម្មនៃអនុសញ្ញា ប្រកបដោយភាពច្បាស់លាស់ និងការយកចិត្តទុកដាក់ខ្ពស់។ កិច្ចសហប្រតិបត្តិការជាមួយសមាជិកមកពីប្រទេសចម្រុះ គឺមានសារៈសំខាន់សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកាតព្វកិច្ចអនុសញ្ញា ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែង និងការសម្រេចបានរបស់ប្រទេសអាឡឺម៉ង់អតីតប្រធានអនុសញ្ញាឆ្នាំ២០២៣។ កម្ពុជាបានគូសបញ្ជាក់ពីការងារអាទិភាពសំខាន់ៗចំនួនបី រួមមាន ទី១.សកលភាវូបនីយកម្មនៃអនុសញ្ញា ទី២.ការ អនុវត្តមាត្រា៥នៃអនុសញ្ញា(ការបោសសម្អាតមីន) និងទី៣.កិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងមានការត្រួតពិនិត្យផែនការសកម្មភាពទីក្រុងអូស្លូឆ្នាំ២០១៩ កែលម្អផែនការយុទ្ធសាស្រ្ត និងការបង្កើតសេចក្តីថ្លែងការណ៍កម្រិតខ្ពស់សៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ៥ ឆ្នាំ ដែលឯកសារទាំងនេះនឹងណែនាំឱ្យរដ្ឋភាគី និងភាគីពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តសម្រាប់រយៈពេល ៥ឆ្នាំ តទៅមុខទៀត សម្រាប់ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ ដើម្បីភាពជោគជ័យក្នុងនាមជាប្រធាន និងម្ចាស់ ផ្ទះឆ្នាំ ២០២៤ នៃអនុសញ្ញា ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមាន ការចូលរួមគាំទ្រប្រកបដោយសប្បុរស និងស្មោះស្ម័គ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលជាមិត្តល្អរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ជំរុញការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវការផ្លាស់ប្តូរយូរអង្វែងនៅលើឆាកសកលក្នុងចក្ខុវិស័យរួម ៕ ដោយ ៖ ភារម្យ









