
បន្ទាប់ពីមានការអត្ថាធិប្បាយរបស់សហរដ្ឋអាមេរិក ដែលបង្ហាញពីការព្រួយបារម្ភ ចំពោះស្ថានភាពរបស់មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ដែលជាប់ពន្ធនាគារ វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១២ ខែធ្នូ) នេះ បានពណ៌នានូវការលើកឡើងនោះថា ជាការជ្រៀតជ្រែក ដែលមិនអាចទទួលយកបាននៅក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកមិនបានដឹងពីកន្លែងនៅរបស់លោក Navalny ដែលត្រូវបានផ្លាស់ពីកន្លែងព្រហ្មទណ្ឌទៅទីតាំងដែលមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby កាលពីថ្ងៃចន្ទ (ទី១១ ខែធ្នូ) បានអំពាវនាវឲ្យមានការដោះលែងលោក Navalny ជាបន្ទាន់ ដោយនិយាយថា «មេដឹកនាំរូបនេះមិនគួរត្រូវបានជាប់ពន្ធនាគារ តាំងពីដំបូង»។
សូមបញ្ជាក់ថា សកម្មជនប្រឆាំងអំពើពុករលួយ លោក Navalny ដែលបានក្លាយជាគូប្រជែងឈានមុខគេរបស់ប្រធានាធិបតី លោក Vladimir Putin ត្រូវបានកាត់ទោសពីបទជ្រុលនិយម និងបទចោទប្រកាន់ផ្សេងទៀត ហើយនឹងត្រូវជាប់ពន្ធនាគាររយៈពេល ៣ទសវត្សរ៍។ លោកបានហៅការចោទប្រកាន់មកលើរូបលោកថា មានហេតុផលនយោបាយ ហើយលោកជឿថា លោកនឹងមិនត្រូវបានដោះលែងនោះឡើយ ដរាប ណាលោក Putin គ្រប់គ្រងអំណាច៕