
មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី១២ ខែធ្នូ) នេះ បាននិយាយថា រុស្ស៊ីគួរតែជួយដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើង ជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មនាពេលថ្មីៗនេះ និងអនុវត្តការហាមឃាត់ដែលមានស្រាប់លើការនាំចេញកម្លាំងពលកម្មរបស់ប្រទេសឯកោនេះ។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Kim Yung-ho ដែលទទួលបន្ទុកទំនាក់ទំនងអន្តរកូរ៉េ បាននិយាយថា ការបាញ់បង្ហោះផ្កាយរណប កាលពីខែមុន បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមប្រាមការប្រើប្រាស់បច្ចេកវិទ្យាបាលីស្ទិករបស់កូរ៉េខាងជើង ប៉ុន្តែរុស្ស៊ីមាន «ភាពអសកម្ម» ក្នុងការដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី Kim ក៏បានជំរុញផងដែរឲ្យប្រទេសចិនដើរតួនាទី «ស្ថាបនា» បន្ថែមទៀត ក្នុងការលើកកម្ពស់សន្តិភាព នៅឧបទ្វីបកូរ៉េ និងតំបន់ ក៏ដូចជាការអនុលោមតាមបទដ្ឋានអន្តរជាតិ ដោយមិនបង្ខំឲ្យជនភៀសខ្លួនកូរ៉េខាងជើងធ្វើមាតុភូមិនិវត្តន៍។
ពាក់ព័ន្ធនឹងការបង្ហាញខ្លួនជាសាធារណៈញឹកញាប់ និងកម្រិតនៃពិធីការកាន់តែច្រើនឡើងៗ សម្រាប់នាង Kim Ju Ae ដែលជាកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un លោករដ្ឋមន្ត្រី បាននិយាយថា នេះអាចជាគោលបំណង ក្នុងការសាងនូវមូលដ្ឋានគ្រឹះ សម្រាប់ការស្នងតំណែង នាពេលអនាគត៕