
អង្គការជំនួយជនភៀសខ្លួន Care4Calais នៅថ្ងៃអង្គារ (ទី១២ ខែធ្នូ) នេះ បាននិយាយថា អ្នកស្វែងរកសិទ្ធិជ្រកកោនម្នាក់ បានស្លាប់នៅលើនាវ ដែលយកមកធ្វើជាលំនៅឋានសម្រាប់ជនអន្តោប្រវេសន៍ នៅម្ដុំឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស។
ការស្លាប់នេះត្រូវបានរាយការណ៍ថា បានកើតឡើងនៅលើនាវា Bibby Stockholm ដែលចតនៅទីក្រុងកំពង់ផែ Portland នៅតំបន់ Dorset និងដែលអាចផ្ទុកមនុស្សបានប្រហែល ៥០០នាក់។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានបង្រ្កាបការចូលប្រទេសដោយខុសច្បាប់ ដែលជាគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយអាទិភាពសំខាន់ៗរបស់លោក និងជាផ្នែកមួយនៃការដែលរដ្ឋាភិបាល កំពុងព្យាយាមកាត់បន្ថយថ្លៃចំណាយនៃការស្នាក់នៅរបស់អ្នកស្វែងរកសិទ្ធិជ្រកកោន នៅក្នុងសណ្ឋាគារ ដោយប្រើនាវា និងអតីតទីតាំងយោធា។
ប៉ុន្តែគោលនយោបាយនេះ កើតមានភាពចម្រូងចម្រាស។ អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្ស បានប្រៀបធៀបនាវានោះទៅនឹងនាវាពន្ធនាគារ ហើយបាននិយាយថា ការប្រើប្រាស់នាវានោះ គឺជារឿងអមនុស្សធម៌។ អង្កការ Care4Calais បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះ «សោកនាដកម្មរបស់មនុស្សនេះ»។
ក្រសួងមហាផ្ទៃរបស់ចក្រភពអង់គ្លេស បាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍អំពីឧប្បត្តិហេតុ ដែលមានពាក់ព័ន្ធនឹងមនុស្សម្នាក់ នៅលើនាវា៕