ហ្កាហ្សា ៖ អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប(Gaza Strip)។
បន្ទាប់ពីការព្រមានខ្លាំងៗពីសំណាក់មន្ត្រីអង្គការសហប្រជាជាតិអំពីវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សា មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក ចំនួន១៩៣ ប្រទេស បានអនុម័តសេចក្តីសម្រេចមួយដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយប្រទេសចំនួន១៥៣ បានបោះឆ្នោតគាំទ្រ និង ២៣ប្រទេស អនុប្បវាទ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលលើកឡើងថា បទឈប់បាញ់ជាការផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស បានបោះឆ្នោតប្រឆាំងនឹងវិធានការនេះរួមជាមួយប្រទេសចំនួន ៨ ផ្សេងទៀត។ សេចក្ដីសម្រេចនេះមិនជាប់កាតព្វកិច្ចទេ ប៉ុន្តែមានទម្ងន់ខាងនយោបាយ ដោយឆ្លុះបញ្ចាំងពីទស្សនៈពិភពលោកលើសង្រ្គាមនេះ។ សហរដ្ឋអាមេរិកបានវេតូការអំពាវនាវស្រដៀងគ្នានេះនៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេសកាលពីសប្តាហ៍មុន។
អាជ្ញាធរប៉ាឡេស្ទីនស្វាគមន៍សេចក្ដីសម្រេចនេះ ហើយបានជំរុញឲ្យប្រទេសនានាដាក់សម្ពាធលើអ៊ីស្រាអែលឲ្យអនុម័តបទឈប់បាញ់។ មន្ត្រីក្រុមហាម៉ាស់ដែលកំពុងនិរទេសខ្លួន លោក អ៊ីហ្សាតអេល រ៉េស៊ីក (Izzat El-Reshiq) នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram បានបន្ទរប្រតិកម្មនោះ ដោយនិយាយថា អ៊ីស្រាអែលគួរតែបញ្ឈប់ការឈ្លានពាន អំពើប្រល័យពូជសាសន៍ និងការបោសសម្អាតជនជាតិភាគតិច ប្រឆាំងនឹងប្រជាជនរបស់យើង។
យោងតាមក្រសួងសុខាភិបាលហ្កាហ្សាការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបំណងបោសសម្អាតក្រុមហាម៉ាស បានឆក់យកជីវិតជនស៊ីវិល ប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៨.២០៥ នាក់ និងរបួសជិត ៥០.០០០ នាក់ចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក៕




