ចិន ៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារ (១២ ធ្នូ) ថាសហរដ្ឋអាមេរិក បានកំពុងសម្របសម្រួលជាមួយទីក្រុងប៉េកាំង ដើម្បីរៀបចំកិច្ចចរចាយោធា និងយោធា បើទោះជាខ្លួនមិនមានការប្រកាសអំពីកិច្ចពិភាក្សាណាមួយក៏ដោយ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) បានព្រមព្រៀងគ្នាកាលពីខែមុននៅឯកិច្ចប្រជុំកំពូលនៅរដ្ឋកាលីហ្វ័រនីញ៉ា ដើម្បីបន្តពង្រឹងទំនាក់ទំនង ដែលមានភាពតានតឹងបន្ទាប់ពីប្រធានសភាតំណាងរាស្រ្ត លោកស្ររី ណានស៊ី ភេឡូស៊ី (Nancy Pelosi) បានធ្វើទស្សនកិច្ចនៅកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២ ដែលប្រទេសចិនទាមទារអធិបតេយ្យភាពលើកោះមួយនេះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ ផាទ្រីក រ៉ាយឌឺ (Patrick Ryder) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យអនុព័ន្ធការពារជាតិរបស់យើង ហើយក្រុមការងារគោលនយោបាយរបស់យើងបានធ្វើការសម្របសម្រួលយ៉ាងសកម្មជាមួយទីក្រុងប៉េកាំង ដើម្បីរៀបចំការទំនាក់ទំនង»។
រដ្ឋបាលលោកប្រធានាធិបតី បៃដិន បាននិយាយថា ខ្លួនចង់បានទំនាក់ទំនងយោធាគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ រួមទាំងមេដឹកនាំជាន់ខ្ពស់ និងមេបញ្ជាការនៅក្នុងតំបន់ភូមិសាស្ត្រជាក់លាក់។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពត្រជាក់បន្ទាប់ពីលោក បៃដិន បានបញ្ជាឱ្យបាញ់ទម្លាក់បាឡុងចារកម្មចិនកាលពីខែកុម្ភៈ ដែលសង្ស័យថាបានហោះរំលងសហរដ្ឋអាមេរិក៕


