ភ្នំពេញ ៖ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជានាយកខុទ្ទកាល័យ សម្តេចក្រុមព្រះនរោត្តម រណ ឫទ្ធិព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ឯកឧត្តម សាយ ហាក់ បានសម្តែងការគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញ បោសសំអាត រុះរើបែរចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកអាធិបតេយ្យនៅលើផ្ទៃទឹកទន្លេ ដោយវិធានការនេះ វានឹងធ្វើឲ្យសោភ័ណភាព នៃដងទន្លេនៃរាជធានីភ្នំពេញកាន់តែល្អប្រសើ។
ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយរៀបចំពិធីសូត្រមន្ត រាប់បាតថ្វាយព្រះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់៨៥ យាងចូល៨៦ ព្រះវស្សា នាទិវាដ៏នក្ខត្តឫក្ស នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច រាជធានីភ្នំពេញ ឯកឧត្តម សាយ ហាក់ បានលើកឡើងថា ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច សូមគាំទ្រទាំងស្រុងចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានចាត់វិធានការក្តៅបោសសម្អាត បែរចិញ្ចឹមត្រី ផ្ទះមិនរៀបរយ ដែលភាគច្រើនជាជនបរទេស(វៀតណាម)នេះ។
បើតាមរបាយការណ៍របស់នគរបាល ដែលបានបង្ហាញដល់ទូរទស្សន៍BTV នាពេលកន្លងទៅនេះបានអនុវត្តវិធានការរុះរើបែរចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកអាធិបតេយ្យនៅលើផ្ទៃទឹកទន្លេ នៅក្នុងភូមិសាស្ត្រខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញ ដែលជាប់នឹងមាត់ទន្លេនោះ កម្លាំងឯកភាពរាជធានីភ្នំពេញបានរុះរើបែរចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកបានជាងមួយពាន់បែរ និងផ្ទះហើយ ខណៈវិធានការនេះបានកំពុងតែបន្តទៀតរហូតឲ្យអស់ពីដងទន្លេ។
ក្រោយមានចំណាត់ការរបស់អាជ្ញាធររាជធានភ្នំពេញ មានគណបក្សនយោបាយ បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើនបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ខណៈវិធានការនេះ វានឹងធ្វើឲ្យប្រទេសកម្ពុជា ក៏ដូចជាតាមដងទន្លេនៃរាជធានីភ្នំពេញ កាន់តែមានសោភ័ណភាព របៀបរៀបរយបន្ថែមទៀតឲ្យស្របទៅនឹង ពាក្យស្លោកថា រាជធានីភ្នំពេញជាបេះដូងរបស់ប្រទេសជាតិទាំងមូលនោះ៕
អត្ថបទ ៖ បាន ចក់





