ហ្កាហ្សា ៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ (១២ ធ្នូ) បានសម្តែងការព្រួយបារម្ភអំពីការត្រួតពិនិត្យដ៏យូរនៃក្បួនផ្គត់ផ្គង់ថ្នាំពេទ្យនៅតំបន់ហ្កាហ្សាស្ទ្រីប និងការឃុំខ្លួនបុគ្គលិកសុខាភិបាលបន្ទាប់ពីឧប្បត្តិហេតុបែបនេះនាំឱ្យអ្នកជំងឺម្នាក់ស្លាប់ក្នុងស្ថានភាពធ្ងន់ធ្ងរ។
នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រធានអង្គការ WHO លោក តេដ្រូស អ៊ែដហាណូម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថាបេសកកម្មដឹកនាំដោយ WHO ទៅកាន់មន្ទីរពេទ្យ អាល់អាលី (Al-Ahli) ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ (១០ ធ្នូ) ត្រូវបានបញ្ឈប់ពីរដងនៅឯប៉ុស្តិ៍ត្រួតពិនិត្យ វ៉ាឌី ហ្កាហ្សា (Wadi Gaza) ដែលគ្រប់គ្រងដោយកងកម្លាំងការពារអ៊ីស្រាអែល នៅតាមផ្លូវទៅភាគខាងជើងហ្កាហ្សា និងតាមផ្លូវត្រឡប់មកវិញ។
លោក រីឆាត ភីបភើខន (Richard Peeperkorn) តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ហ្កាហ្សា បាននិយាយថា បុគ្គលិកនៃទីភ្នាក់ងារសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ដែលស្ថិតនៅក្នុងក្បួនផ្គត់ផ្គង់នោះត្រូវបានឃុំខ្លួនទាំងពីរលើក និងទទួលរងនូវការធ្វើបាបយ៉ាងអាម៉ាស់មុខ។ ខណៈដែលក្បួនរថយន្តកំពុងដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យ អាល់អាលី លោក ភីបភើខន បាននិយាយថា បុគ្គលិកភ្នាក់ងារសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនពីរនាក់ត្រូវបានឃុំខ្លួនអស់រយៈពេលជាងមួយម៉ោង។
លោក ភីបភើខន បានបំពេញបេសកកម្មបញ្ជូនសម្ភារៈទៅមន្ទីរពេទ្យ អាល់អាលី ហើយលោកបាននិយាយថា ក្បួនរថយន្តផ្គត់ផ្គង់ត្រូវបានបង្ខំឲ្យទុកបុគ្គលិកអឌ្ឍចន្ទក្រហមម្នាក់។ បន្ទាប់មក បុគ្គលិកដែលត្រូវបានឃាត់ខ្លួននោះបានរាយការណ៍ថាត្រូវបានគេបៀតបៀន វាយដំ គំរាមកំហែង ចាប់ដោះសំលៀកបំពាក់ និងត្រូវចងបិទភ្នែកជាដើម៕


