ប៉ាគីស្ថាន ៖ ក្រុមអត្តឃាត ៦នាក់ បានបើករថយន្តដឹកទំនិញផ្ទុកគ្រឿងផ្ទុះមួយគ្រឿងចូលទៅក្នុងជំរំយោធានៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ (១២ ធ្នូ) ដោយបានសម្លាប់ទាហានយ៉ាងហោចណាស់ ២៣នាក់ ដែលជាចំនួនអ្នកស្លាប់ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងការវាយប្រហារតែមួយលើកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយតិចជាងពីរខែមុនការបោះឆ្នោត។
ការវាយប្រហារដោយកាំភ្លើង និងគ្រាប់បែក ដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនេះ កើតឡើងនៅពេលដែលក្រុមអ្នកឃ្លាំមើលនយោបាយបានសម្តែងការព្រួយបារម្ភរួចហើយអំពីការបោះឆ្នោត ដែលគ្រោងធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ ស្របពេលមានការកើនឡើងនៃការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធនៅភាគពាយ័ព្យ និងនិរតី។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងស្រុកដាច់ស្រយាលនៃទីក្រុង ដេរ៉ា អ៊ីស្មែលខាន់ (Dera Ismail Khan) នៅជាយតំបន់កុលសម្ព័ន្ធដែលគ្មានច្បាប់ជាប់ព្រំដែនអាហ្វហ្គានីស្ថាន ដោយបន្ថែមថាអ្នកវាយប្រហារទាំងប្រាំមួយនាក់នោះត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាបន្តបន្ទាប់។ មន្ត្រីសន្តិសុខពីរនាក់នៅមុននោះបាននិយាយថាចំនួនអ្នកស្លាប់កើនដល់ ២៤នាក់។
កងទ័ពបានបោះជំរំមូលដ្ឋានក្នុងបរិវេណប៉ុស្តិ៍នគរបាលក្នុងតំបន់ដារ៉ាបាន នៃស្រុកនេះ។ ការផ្ទុះបាននាំឱ្យមានការបាក់អគារបណ្តាលឱ្យមានអ្នករងគ្រោះជាច្រើននាក់។ កងទ័ពបាននិយាយថា ការវាយប្រហារនេះបានកើតឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីទាហានពីរនាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការផ្សេងៗគ្នានៅក្នុងតំបន់ រួមជាមួយនឹងក្រុមសកម្មប្រយុទ្ធស្លាប់ចំនួន ២១នាក់ផងដែរ៕


