UN ៖ អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សចំនួន ៤៩,៥លាននាក់ ត្រូវបានគេរំពឹងថានឹងជួបភាពអត់ឃ្លាននៅអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាលនៅឆ្នាំក្រោយ ដោយសារតែការរួមបញ្ចូលគ្នានៃជម្លោះ បម្រែបម្រួលអាកាសធាតុ និងតម្លៃអាហារហក់ឡើងខ្ពស់ ។
យោងតាមការវិភាគសន្តិសុខស្បៀងប្រចាំតំបន់ថ្មី ដែលចេញផ្សាយដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការសហប្រជាជាតិ និងភ្នាក់ងារមនុស្សធម៌ផ្សេងទៀតបានឲ្យដឹងថា តួលេខនេះគឺខ្ពស់ជាង ៤% នៅក្នុងឆ្នាំ ២០២៣ នេះ។ នៅក្នុងប្រទេសតំបន់ឆ្នេរ មនុស្សជាច្រើនកំពុងប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ ដែលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៦,២លាននាក់ក្នុងឆ្នាំ ២០២៤ ដែលកើនឡើង ១៦% ពីឆ្នាំនេះ។
ទីភ្នាក់ងារនិយាយថា តម្លៃនៃរបបអាហាររូបត្ថម្ភប្រចាំថ្ងៃនៅក្នុងបណ្តាប្រទេសតំបន់Sahelភាគកណ្តាល មានប្រទេសបួគីណាហ្វាសូ ម៉ាលី និងនីហ្សេ មានតម្លៃខ្ពស់ជាង ១១០% នៃប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃនៅក្នុងតំបន់។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា បណ្តាប្រទេសតំបន់ Sahel កំពុងប្រឈមមុខការបះបោរឥស្លាមនិយម ដែលបានជម្លៀសប្រជាជនប្រមាណ ៤លាននាក់ ចេញពីលំនៅឋាន និងកសិដ្ឋានរបស់ពួកគេ ។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏មានជម្លោះជាច្រើននៅបន្តផងដែរ ដែលបានបណ្តាលឲ្យមនុស្សជិត៧លាននាក់ភៀសខ្លួនចេញ។

