ប៉ាឡេស្ទីន ៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនបួននាក់ នៅក្នុងទីក្រុងចេនីន (Jenin)នៃតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល កាលពីថ្ងៃ អង្គារ។
ក្រសួងនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីអ្នកស្លាប់ទាំងនោះទេ ប៉ុន្តែសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា ពួកគេ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនទៅលើទីក្រុងចាស់ (Old City)។
មន្ត្រីប៉ាឡេស្ទីន បាននិយាយថា អំពើហិង្សា បានកើនឡើងនៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែលនេះ បន្ទាប់ពីសង្គ្រាម បានផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយមានជនជាតិប៉ាឡេស្ទីន ប្រហែល ២៧០នាក់ ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល និងការវាយប្រហារអ្នកតាំងលំនៅនៅទីនោះ ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។
អ្នកថតរូបសារព័ត៌មាន AFPម្នាក់ បានឃើញរថយន្តយោធាអ៊ីស្រាអែល ចូលក្នុងជំរំជនភៀសខ្លួនJenin កាលពីថ្ងៃអង្គារ ហើយយានដ្រូនមួយគ្រឿង ហោះពីខាងលើ។
អឌ្ឍចន្ទក្រហម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែល «បន្តវាយលុកលើជំរំ Jenin ហើយក្រុមរថយន្តសង្គ្រោះ ត្រូវបានរារាំងមិនឲ្យចូលដើម្បីដោះស្រាយករណីវេជ្ជសាស្រ្តនានា ដោយគ្មានការសម្របសម្រួលជាមុន»។

