ចិន ៖ លោកប្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីថ្ងៃអង្គារថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងចិន-វៀតណាម នឹងឈានចូលដំណាក់កាលថ្មីនៃការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែរឹងមាំបន្ថែមទៀត កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែស៊ីជម្រៅ ការគាំទ្រដ៏កាន់តែពេញលេញ ការសម្របសម្រួលពហុភាគីកាន់តែជិតស្និទ្ធ និងការដោះស្រាយការខ្វែងគំនិតគ្នាកាន់តែប្រសើរឡើង។
អំឡុងជំនួបជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូទ្រុង(Nguyen Phu Trong) លោក Xi ក៏បាននិយាយដែរថា បុព្វហេតុកសាងសង្គមនិយមនៅចិន និងវៀតណាម នឹងឈានទៅមុខឥតឈប់ឈរ ហើយរួមចំណែកថ្មីដល់ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពនៃតំបន់ និងពិភពលោកដ៏ធំធេង។លោក Xi បាននិយាយថា ប្រទេសចិនតែងតែមើលឃើញទំនាក់ទំនងជាមួយវៀតណាមតាមទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង ហើយចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាមជាអាទិភាពក្នុងទំនាក់ទំនងការទូតក្នុងតំបន់របស់ខ្លួន។
លោក Xi បានបន្តថា លោកត្រៀមខ្លួនជាស្រេចដើម្បីប្រកាសជាមួយលោក ទ្រុង ពីជំហរថ្មីនៃទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ ដើម្បីកសាងសហគមន៍ចិន-វៀតណាម ជាមួយអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយផ្អែកលើការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ។
ក្នុងកិច្ចពិភាក្សានោះដែរ មេដឹកនាំចិនក៏បាននិយាយផងដែរថា ទីក្រុងប៉េកាំង គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វហេតុកសាងសង្គមនិយមរបស់វៀតណាម។ គួររម្លឹកថា លោកប្រធានាធិបតីចិន Xi Jinping បានបំពេញ ទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៦ឆ្នាំ ជាការព្យាយាមធានាចំពោះដៃគូដ៏សំខាន់ជាយុទ្ធសាស្ត្រនៅតំបន់អាស៊ី ដើម្បីកុំឲ្យងាកទៅរកសហរដ្ឋអាមេរិកខ្លាំងពេក ក៏ដូចជាទល់ទប់ឥទ្ធិពលរបស់អាមេរិកផងដែរ៕


