ស៊ុយអែត ៖ អាជ្ញាធរអយ្យការរបស់ប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃអង្គារ (១២ ធ្នូ) ថាមនុស្ស ៥នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុជណ្តើរយន្តកាលពីថ្ងៃច័ន្ទនៅឯការដ្ឋានសំណង់មួយនៅជាយក្រុង ស្តុកខុម (Stockholm) ប្រទេសស៊ុយអែត ហើយក្រុមរដ្ឋអាជ្ញាកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការចាត់ថ្នាក់ឧក្រិដ្ឋកម្មនៅក្នុងការស៊ើបអង្កេតបឋមដែលកំពុងបន្តគឺជាឧក្រិដ្ឋកម្មបរិស្ថានការងារ រួមទាំងការបង្កឱ្យមនុស្សស្លាប់ម្នាក់ ហើយការងារដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់ទាំងអស់កំពុងដំណើរការ ក៏ដូចជាការស៊ើបអង្កេតបច្ចេកទេសនៃទីតាំងផងដែរ»។
អ្នកនាំពាក្យក្រុមហ៊ុនដែលផលិតជណ្តើរយន្តនោះបានប្រាប់សារព័ត៌មាន អាហ្វថុនប្លាដេត (Aftonbladet) កាលពីថ្ងៃច័ន្ទថា ជណ្តើរយន្តប្រភេទនោះត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោកអស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយក្រុមហ៊ុនមិនដែលពាក់ព័ន្ធក្នុងករណីឧប្បត្តិហេតុបែបនេះពីមុនមកនោះទេ៕


