មីយ៉ាន់ម៉ា៖ ប្រជាពលរដ្ឋម្នាក់បាននិយាយកាលពីថ្ងៃពុធ ដែលបញ្ជាក់សេចក្ដីរាយការណ៍ដោយសារព័ត៌មានឯករាជ និងបណ្ដាញសង្គមនានាថា រដ្ឋាភិបាលក្នុងសហភាពមីយ៉ាន់ម៉ាបានដុតបំផ្លាញភូមិមួយស្ទើរតែទាំងស្រុង នៅក្នុងដែនដីភាគកណ្ដាលរបស់ប្រទេសនេះ។

សកម្មភាពនេះទំនងជាការប៉ុនប៉ងក្នុងការបង្ក្រាប ការតស៊ូប្រឆាំងនឹងយោធាដែលកំពុងកាន់អំណាច។ ការវាយប្រហារនេះគឺជាឧទាហរណ៍ចុងក្រោយ នៃរបៀបដែលអំពើហិង្សាបានរាលដាលនៅក្នុងសហភាពមីយ៉ាន់ម៉ាក្នុងប៉ុន្មានខែថ្មីៗនេះ នៅពេលដែលរបបយោធាព្យាយាមបង្ក្រាបការបះបោរនៅទូទាំងប្រទេស។ រូបភាព និងវីដេអូនៃភាពហិនហោចក្នុងភូមិ Kinma ក្នុងតំបន់ Magway ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គមកាលពីថ្ងៃពុធ បង្ហាញពីផ្នែកភាគច្រើននៃភូមិមួយនេះត្រូវបានឆេះរាបដល់ដី និងសាកសពសត្វងាប់ក្នុងកសិដ្ឋាន។ មានអ្នកភូមិម្នាក់ត្រូវបានទាក់ទងតាមទូរស័ព្ទដោយនិយាយថា មានលំនៅឋានតែ ១០ខ្នងប៉ុណ្ណោះក្នុងចំណោម ២៣៧ខ្នងមិនត្រូវបានបំផ្លិចបំផ្លាញ៕
អត្ថបទ៖ សុខមាន