ជនអន្តោប្រវេសន៍ជាច្រើន កាលពីថ្ងៃអង្គារ បានរង់ចាំដំណើរការ និងឲ្យគេដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលដំណើរការបណ្តោះអាសន្ន បន្ទាប់ពីឆ្លងកាត់ជញ្ជាំងព្រំដែននៅរដ្ឋអារីហ្សូណា ចូលទៅក្នុងសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក។

ជនអន្តោប្រវេសន៍មកពីប្រទេសផ្សេងៗគ្នា នៅក្នុងទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន ត្រូវបានគេមើលឃើញនៅជិតទីក្រុងព្រំដែន លូកេវីល(Lukeville) ដោយមកប្រមូលផ្តុំគ្នានៅជិតជញ្ជាំងព្រំដែន ឬដើរឆ្ពោះទៅកាន់មជ្ឈមណ្ឌលនានា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុង Lukeville មានភាពពេញនិយមក្នុងចំណោមជនអន្តោប្រវេសន៍ដែលមានបំណងឆ្លងព្រំដែនពីប្រទេសម៉ិកស៊ិក ចូលកាន់សហរដ្ឋអាមេរិក ដោយបណ្តាលឲ្យអជ្ញាធរពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ស្កាត់។