ការចរចាសម្រាប់កិច្ចព្រមព្រៀងអាកាសធាតុបានឈានចូលម៉ោងបន្ថែមនៅក្នុងកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌុយបៃ នៅថ្ងៃពុធ (១៣ ធ្នូ) ខណៈដែលប្រទេសជិត២០០ បានស្វែងរកការបង្រួបបង្រួមការខ្វែងគំនិតលើតួនាទីនាពេលអនាគតនៃឥន្ធនៈហ្វូស៊ីល ដែលជាបញ្ហាដ៏ចម្រូងចម្រាសបំផុត។

លទ្ធផលដែលសម្រេចបានក្នុងសន្និសីទរយៈពេលពីរសប្តាហ៍លើបញ្ហានេះ នឹងផ្ញើសារដ៏មានឥទ្ធិពលមួយទៅកាន់អ្នកវិនិយោគ និងទីផ្សារពិភពលោកអំពីមហិច្ឆិតារបស់បណ្ដារដ្ឋាភិបាលជុំវិញពិភពលោកក្នុងការបញ្ចប់ការប្រើប្រាស់ប្រេង ឧស្ម័ន និងធ្យូងថ្ម ឬបញ្ឃប់កំណើនរបស់វា។

ប្រទេសជាច្រើនបានរិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទចំពោះការបរាជ័យក្នុងការអំពាវនាវឱ្យមាន «ការឈប់ប្រើប្រាស់» នៃឥន្ធនៈហ្វូស៊ីល ដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថារហូតមកដល់ពេលនេះគឺជាប្រភពដ៏ធំបំផុតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលជំរុញឱ្យមានការឡើងកម្ដៅផែនដី។
ប្រទេសជាង១០០ រាប់ចាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រហូតដល់ប្រទេសកោះតូចៗដូចជាប្រជុំកោះសាម័រ បានជំរុញឱ្យមានការសម្រេចចុងក្រោយ ប៉ុន្តែប្រឈមមុខនឹងការតស៊ូពីសមាជិកនៃក្រុមអ្នកផលិតប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន។
កាលពីល្ងាចថ្ងៃអង្គារ និងដល់ព្រឹកព្រលឹមថ្ងៃពុធនេះ គណៈប្រតិភូប្រទេសបានជួបគ្នាទៅវិញទៅមក និងជាមួយម្ចាស់ផ្ទះ COP28 របស់ប្រទេសអារ៉ាប់រួម ដែលទទួលខុសត្រូវក្នុងការសរសេរសេចក្តីព្រាងថ្មីនៃកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ជាក់ច្បាស់ពីការទាមទាររបស់ពួកគេក្នុងភាពច្របូកច្របល់ពាក់កណ្តាលអធ្រាត្រនៃភាពតានតឹងការទូត៕